(ព្រៃវែង)៖ ប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារ រស់នៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងមានការព្រួយបារម្ភខ្លាំង និងបានស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ជួយអន្តរាគមន៍រឿងក្រុមសាឡង់បូមខ្សាច់ជាច្រើនគ្រឿង ដែលបូមខ្សាច់គៀកច្រាំងទន្លេ ខាងក្រោយផ្ទះរបស់ពួកគាត់បណ្ដាលឲ្យបាក់ច្រាំង ប៉ះពាល់ចំការដំណាំ និងផ្ទះសម្បែងរបស់ពួកគាត់។
ពលរដ្ឋបានលើកឡើងថា ដីច្រាំងទន្លេខាងក្រោយផ្ទះរបស់ពួកគាត់ បានចាប់បាក់ច្រើនខែមកហើយ ចាប់តាំងពីមានវត្តមានក្រុមសាឡង់បូមខ្សាច់ ចូលមកបូមនៅក្រោយផ្ទះគាត់ ដោយចាប់ផ្ដើមបាក់បន្តិចម្ដងៗ ជារឿយៗ។ រហូតមកដល់ពេលនេះ គឺបាក់ស្រុតខ្លាំង ដំណាំពួកគាត់មាន ចេក ស្វាយ ខ្នុរ ដូង រាប់សិបដើមបាក់រលំចូលទឹកអស់ហើយ អ្នកខ្លះដីបាក់ជិតដល់ផ្ទះតែម្តង ទើបពួកគាត់ទ្រាំលែងបាន លើកគ្នាស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់ផង។
ការបាក់ដីច្រាំងទន្លេនេះ មូលហេតុគឺដោយសារតែមានសាឡង់ធំៗចូលមកបូមខ្សាច់នៅកៀកច្រាំងពេក ហើយសាឡង់ខ្លះលួចបូមទាំងយប់ថែមទៀត ពេលប្រជាពលរដ្ឋនាំគ្នាដេញ ក្រុមសាឡង់ទាំងនោះក៏បើកចេញទៅកណ្ដាលទន្លេវិញ ពេលអ្នកស្រុកចូលដេកអស់ គេនាំគ្នាចូលមកបូមកៀកច្រាំងដដែល ចំណែកអាជ្ញាធរឃុំ ស្រុកវិញ ពលរដ្ឋធ្លាប់បានរាយការណ៍ និងប្ដឹងទៅច្រើនដងហើយ តែគ្មានចំណាត់ការដោះស្រាយសោះ។
ពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មិនឃាត់គេមិនឲ្យបូមខ្សាច់ទេ តែសូមបូមឲ្យឆ្ងាយពីច្រាំង កុំបូមកៀកច្រាំងទៀត ពេលនេះបាក់ដីប៉ះពាល់តែដំណាំ ចុះបើបាក់ពេលយប់ដោយទាំងផ្ទះ និងមនុស្សចូលក្នុងទន្លេ តើនរណាជាអ្នកទទួលខុសត្រូវ ពួកគាត់ព្រួយបារម្ភ និងភ័យខ្លាចខ្លាំងណាស់។
លោក ជូ ស៊ីផាត មេឃុំពាមមានជ័យ មិនអាចទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី៣០ ខែសីហានេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
ចំណែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី ៣០ ខែសីហានេះថា លោកបានទទួលព័ត៍មាននេះហើយ ដោយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
លោកអះអាងថា កន្លងទៅនេះ មន្ទីរ៉ែ និងថាមពលខេត្តបានចុះទៅបោះពោងកំណត់ឲ្យក្រុមហ៊ុនបូមខ្សាច់រួចហើយ និងបានធ្វើកិច្ចសន្យាឲ្យក្រុមហ៊ុនសាឡង់បូមខ្សាច់នេះ ត្រូវអនុវត្តទៅតាមច្បាប់កំណត់ តែបើនៅតែលួចបូមទាំងបំពានទៀត នឹងត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ផងដែរ។ ម៉្យាងទៀត សូមប្រជាពលរដ្ឋបើឃើញមានករណីលួចបូមចូលដល់អែបកៀកច្រាំងទន្លេ ត្រូវរាយការណ៍មកអាជ្ញាធរ ភូមិ ឃុំ ដើម្បីមានចំណាត់ការ។
លោកបានបញ្ជាក់ថា រហូតដល់រសៀលថ្ងៃនេះ គឺពុំឃើញវត្តមានសាឡង់បូមសាច់មកអែបច្រាំងទន្លេនោះទេ ហើយចំពោះការខូចខាតដីស្រែរបស់ប្រជាពលរដ្ឋ ក៏មិនទាន់មាននោះដែរ គ្រាន់តែបាក់ដើមស្វាយរបស់ពលរដ្ឋនៅអែបច្រាំងហូរចូលក្នុងទន្លេតិចតូចប៉ុណ្ណោះ។
ការបារម្ភរបស់ប្រជាពលរដ្ឋខ្លាចបាក់ច្រាំងទន្លេនេះ អាជ្ញាធរចូលរួមសហការជាមួយពលរដ្ឋ និងតាមដានរាល់ការបូមខ្សាច់របស់ក្រុមហ៊ុនទាំងនោះ ដើម្បីធ្វើយ៉ាងណាបញ្ជៀសការប៉ះពាល់ដល់ដីស្រែផលដំណាំ របស់ប្រជាពលរដ្ឋដោយសារការបូមសាច់នេះផងដែរ៕