(ប៉េកាំង)៖ ប្រទេសចិន បានបញ្ជាក់ថាខ្លួនមិនពេញចិត្តនឹងប្រទេសណាដែលប្រើច្បាប់ក្នុងប្រទេស ខ្លួនឯង យកទៅអនុវត្តន៍នៅក្នុងប្រទេសដ៏ទៃផ្សេងទៀតឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេច ដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនឧស្សាហកម្មគ្រឿងយន្តចិនមួយកន្លែង ដែលមានជាប់ពាក់ព័ន្ធនឹងកម្មកវិធី នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
អាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Dandong Hongxiang រួមជាមួយនឹង នាយកប្រតិបត្តិបួនរូប ដោយរួមបញ្ចូលទាំងស្ថានិករបស់ក្រុមហ៊ុន គឺលោក Ma Xiaohhong ផងដែរ នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក ដោយបាន ធ្វើការចោទប្រកាន់ថាក្រុមហ៊ុនមួយនេះ បានធ្វើសកម្មភាពជួសមុខឲ្យ ធនាគារកូរ៉េខាងជើង ដែលកំពុង ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ដោយសារតែ បានឧបត្ថមគាំទ្រកម្មវីធីនុយក្លេអ៊ែរកូរ៉េខាងជើង។
ចំណែកឯភាគីចិនវិញ នៅពេលត្រូវបានចោទសួរអំពីរបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងថា ប្រទេសចិន បានប្តេជ្ញារក្សានិងទទួលយកដំណោះស្រាយ របស់អង្គការសហប្រជាជាតិប្រឆាំងនឹង កូរ៉េខាងជើង ដោយធ្វើការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើ ប្រទេសមួយនេះ ហើយជនណាម្នាក់ឬក្រុមហ៊ុនណាមួយ ដែលត្រូវបានរកឃើញថា បានបំពានវិធានការ នេះ នឹងត្រូវផ្តន្ទាទោស ប៉ុន្តែលោកគ្រាន់តែចង់បញ្ជាក់ថា ប្រទេសរបស់លោកប្រឆាំងជាដាច់ខាត ចំពោះប្រទេសណាដែលប្រើប្រាស់ «អំណាចដៃវែង» ដែលយកច្បាប់នៅក្នុងប្រទេសខ្លួនឯង មកអនុវត្តន៍នៅក្នុងប្រទេសចិនស្រេចតែអំពើចិត្ត។
គួរបញ្ជាក់ថា ទោះបីប្រទេសចិន ជាសម្ព័ន្ធមិត្តស្នូលរបស់កូរ៉េខាងជើងក៏ដោយ ក៏ទីក្រុងប៉េកាំងបាន បង្ហាញជំហរច្បាស់រួចមកហើយថា ខ្លួនមិនដែលគាំទ្រកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីល របស់ទីក្រុង ព្យុងយ៉ាង ឡើយ។ ម៉្យាងវិញទៀតនោះ ចិនក៏បានអះអាងដែរថា ខ្លួននឹងចូលរួមសហការជាមួយ អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនេះ តែទោះជាយ៉ាងណាក្តី ក៏នៅមានសំណួរ ដែលត្រូវចោទសួរដដែលៗ ថាតើចិននឹងមានឆន្ទៈយល់ព្រម ជាមួយនឹងការចាត់វិធានការធ្ងន់ៗ បង្ខំឲ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ ដែរឬយ៉ាងណានោះ៕