(ក្រចេះ)៖ បន្ទាប់ពីបញ្ចប់វេទិកាសន្ទនាទាំងបួនខេត្តនៅភូមិភាគឦសានក្នុងខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោក ស្រេង សុភាព អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានវាយតម្លៃខ្ពស់ចំពោះសុខដុមនីយកម្មក្នុងវិស័យសង្គមស៊ីវិលក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដោយទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបានកោតសរសើរចំពោះការចូលរួមចំណែកជាវិជ្ជមានពីសំណាក់អង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំងបួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភូមិភាគឦសាន។

អង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំងបួនបានបង្ហាញនូវការពេញចិត្ត និងសាទរចំពោះសមិទ្ធផលនានាលើគ្រប់វិស័យ ដែលកើតចេញពីផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍនៅទូទាំងប្រទេសនិយាយរួម និងជាពិសេសនៅភូមិភាគឦសាននិយាយដោយឡែក តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗរហូតមកដល់អាណត្តិទី៧ នាពេលបច្ចុប្បន្ន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ពិតជាបានចូលរួមចំណែកសំខាន់ក្នុងការជំរុញសន្ទុះអភិវឌ្ឍក្នុងតំបន់នេះ ជាអាទិ៍គឺ៖ ការតភ្ជាប់ផ្លូវ ភ្លើង ការជំរុញពាណិជ្ជកម្មឆ្លងដែន ការសហការផ្នែកសុខាភិបាល ការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងប្រឆាំងគ្រោះមហន្តរាយនៅតាមបណ្តាខេត្តតាមព្រំដែនជាដើម។

អង្គការសង្គមស៊ីវិលទាំងបួនខេត្តសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងដោយគ្មានមូលដ្ឋានរបស់មជ្ឈដ្ឋានអគតិមួយចំនួនដែលថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA នេះធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពនៅភូមិភាគឦសាន ដែលនោះពិតជាផ្ទុយស្រឡះទៅនឹងការពិតជាក់ស្តែង ហើយនេះជាចេតនាមួលបង្កាច់ញុះញង់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។ ពួកគាត់បញ្ជាក់ថា អ្វីដែលប្រែប្រួលនៅទីនោះ គឺគ្មានអ្វីក្រៅតែពីការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសជីវភាពប្រជាពលរដ្ឋកាន់តែប្រែមុខមាត់ប្រសើរឡើង ហើយអង្គការសង្គមស៊ីវិលអាចអនុវត្តការងារបានគ្រប់ទីកន្លែង ដោយពុំមានការរារាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន ឬជនបរទេសណាឡើយ។ ជាងនេះទៅទៀត អង្គការសង្គមស៊ីវិលក្នុងខេត្តទាំងបួន បានបង្ហាញនូវមនោសញ្ចេតនាសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតដ៏ថ្លៃថ្លាបង្កើតមូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន ដែលជាការផ្តល់នូវក្តីសង្ឃឹមថ្មីបន្ថែមទៀតដល់វឌ្ឍនភាពនៅក្នុងខេត្តទាំងបួន។ ពួកគាត់ក៏បានអំពាវនាវឱ្យបញ្ឈប់ការបំពុលព័ត៌មាន និងសុំឱ្យមតិសាធារណៈទាំងអស់ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ផ្លែផ្កាដូចអ្វីដែលយើងកំពុងឃើញផ្ទាល់ភ្នែកនាពេលបច្ចុប្បន្ន។

លោកប្រធាន កឹមរ័ត្ន វិសិដ្ឋ បានលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការនៅខេត្តទាំងបួនឱ្យហ៊ាននិយាយការពិតជូនសាធារណជនបានដឹង ជាពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ព្រមទាំងជួយពន្យល់ណែនាំដល់ប្រជាជន និងយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់ខ្លួនឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ CLV-DTA ។

មុននឹងបញ្ចប់ លោកប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕