(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលទ្រង់ប្រោសព្រះរាជទានថវិកាចំនួន ៣ម៉ឺនដុល្លារដល់ «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន»។
តាមរយៈសារលិខិតទូលថ្វាយព្រះមហាក្សត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូ ព្រះរាជអំណរគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជថវិកា ព្រះអង្គផ្ទាល់ចំនួន៣០,០០០ដុល្លារ (សាមសិបពាន់ដុល្លារអាមេរិក) ចំពោះ «មូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតា និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា និងប្រោះព្រំនូវ សព្ទសាធុកាពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមទ្រង់ជួបប្រសព្វតែនឹងព្រះពុទ្ធពរដ៏ប្រពៃទាំងបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះរាជភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ»៕