(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាក្រៅផ្លូវការជាមួយ លោកបណ្ឌិត Ale Musar ស្វាមីប្រធានាធិបតីនៃប្រទេសស្លូវើនៀ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ កិច្ចជំនួបនេះ ធ្វើឡើងក្រៅកម្មវិធីបិទសន្និសីទថ្នាក់តំបន់អឺរ៉ុប ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅទីក្រុង Ljubljana ប្រទេសស្លូវើនៀ។
លោកបណ្ឌិត Ale Musar បានកោតសរសើរចំពោះកម្ពុជា ដែលបានរួចចាកផុតពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាមរ៉ាំរ៉ៃ មកជាប្រទេសទទួលបានសុខសន្តិភាពពេញលេញ ស្ថេរភាព និងមានការអភិវឌ្ឍលេីគ្រប់វិស័យ។
លោកបណ្ឌិត Ale Musar បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់កម្ពុជាលេីវិស័យសកម្មភាពមីន ហើយបានធ្វើឱ្យប្រទេសកម្ពុជាដែលមានជនរងគ្រោះច្រេីនជាងគេ មកជាប្រទេសដែលបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិពីផ្ទុះសង្រ្គាម ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ជាពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាមមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើង តាមរយៈការងារបោសសម្អាតមីន។
លោកបណ្ឌិត Ale Musar បានកោតសរសេីរចំពោះការដឹកនាំ និងគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ខាស់ផ្ទះរៀបចំកិច្ចត្រួតពិនិត្យឡេីងវិញលេីកទី៥ នៃអនុសញ្ញាអូតាវ៉ា ហើយឯកឧត្ដមនឹងដឹកនាំគណ:ប្រតិភូនៃប្រទេសស្លូវើនៀដេីម្បីចូលកិច្ចប្រជុំកំពូលនៅខេត្តសៀមារាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ព្រមទាំងបានជូនពរឲ្យកម្ពុជាទទួលបានជោគជ័យសម្រាប់ការរៀបចំកិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។
ជាការឆ្លេីយតប លោកបណ្ឌិត លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រទេសស្លូវើនៀដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅទីក្រុង Ljubljana។ សន្និសីទថ្នាក់តំបន់នេះ គឺជាផ្នែកមួយដេីម្បីជួយជម្រុញ និងគាំទ្រដល់ភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានស្នេីលេីកទឹកចិត្តដល់ប្រជាជនស្លូវើនៀ អញ្ជើញមកទស្សនាប្រទេសកម្ពុជា និងចូលរួមស្វែងយល់អំពីវិស័យទេសចរណ៍ និងវប្បធម៌របស់កម្ពុជា៕