(កំពង់ឆ្នាំង)៖ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក តំណាងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដទី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោកអភិបាលរងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បាននិមន្តនិងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខព្រះមន្រ្តីសង្ឃនិងភិក្ខុសាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានាក្នុងខេត្តកំពង់ឆ្នាំង។
សម្ដេចព្រះពុទ្ធជ័យមុនី មានព្រះថេរដីកាក្រើនរំលឹកដល់ព្រះសង្ឃ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់ចំពោះការពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ និងត្រូវខំប្រឹងអនុវត្តតួនាទីភារកិច្ចតាមព្រះសង្ឃប្រកាសលេខ ០៩/១១ ស.ន.ក.ជ ស្ដីពីការកំណត់បែងចែកភារិច្ចមន្ត្រីសង្ឃខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុង និងវត្តឱ្យបានល្អ ដើម្បីឆ្លើយតបទៅនិងការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសត្រូវអប់រំដល់ភិក្ខុសាមណេរឱ្យមានអភិសមាចារ គោរពប្រតិបត្តិតាមធម៌វិន័យ និងត្រូវមានហិរិ ឱត្តប្បៈ ក្នុងភេទជាអ្នកបួសជាដើម។
ក្នុងសម័យបរិវត្តកម្មឌីជីថតនេះ សូមព្រះករុណាកុំធ្វើសកម្មភាពណាមួយដែលអាចបង្កផលលំបាកដល់រាជរដ្ឋាភិបាល ឬបង្កហេតុភេទណាមួយ ដែលធ្វើឱ្យប៉ះពាល់នូវសន្តិសុខសង្គម ឬបង្កអរិយភាពណាមួយ ដែលនាំឱ្យពុទ្ធបរិស័ទបែកបាក់សាមគ្គីឡើយ។
សម្ដេចព្រះពុទ្ធជ័យមុនីបានអំពាវនាវឱ្យព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទ ចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល និងចូលរួមនូវវិភាគទានស្ម័គ្រចិត្ត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមួយរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួម នៃការកសាង និងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត បានណែនាំដល់ព្រះសង្ឃឱ្យស្វែងយល់អំពីប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយការប្រើប្រាស់ខុសគោលដៅដែលនាំឱ្យធ្លាក់ចុះនូវតម្លៃព្រះពុទ្ធសាសនាក្នុងសង្គម។ សូមព្រះករុណាយើងជាអ្នកបួស ត្រូវតែចូលរួមជួយប្រទេសជាតិ ចូលរួមអភិវឌ្ឍជាតិជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិយើង។ សូមកុំជឿតាមការញុះញង់របស់បរិស័ទមួយចំនួន ដែលធ្វើឱ្យបែកបាក់សាមគ្គី ធ្វើឱ្យមានការចលាចល បំបែកបំបាក់សាមគ្គីជាតិ បែកបាក់សាមគ្គីសាសនា។ ព្រះករុណា ឃើញទេពេលខ្លះ មានតែមនុស្សខិលខូចតែពីរ បីនាក់ធ្វើឱ្យខូចគេ ខូចឯងគ្រប់គ្នា ចលាចលសង្គម ខូចអស់គេល្អៗ បង្កផលលំបាកដល់ប្រទេសជាតិ។
ដូច្នេះសូមព្រះករុណាមានរឿងអ្វីត្រូវដោះស្រាយជាបន្ទាន់ កុំទុកឱ្យរឿងតូច ខ្លាចជារឿងធំ ខ្លាចជារឿងបង្កឥទ្ធិពលដល់សង្គម។ សូមព្រះករុណាជួយសង្គមយើង តាមរយៈការជួយបណ្ដុះបណ្ដាលអប់រំធនធានព្រះសង្ឃយើង ជួយទ្រទ្រង់សាលា ជួយទំនុកបម្រុងដល់សមណសិស្ស សិសឱ្យបានសិក្សារៀនសូត្រគ្រប់កម្រិត។
សម្ដេចព្រះមហាអរិយវង្សបន្តទៀតថា ការប្រើប្រាស់បច្ចេកវិទ្យា ព្រះករុណាជាម្ចាស់ ជួយ ភិក្ខុ សាមណេរ ឱ្យចេះប្រើប្រាស់ កុំប្រើខុសគោលដៅ ប្រើឱ្យមានប្រយោជន៍ដល់ខ្លួន ដល់វត្តអារាម។ ចូរព្រះករុណាកុំធ្វើឱ្យប៉ះពាល់ ជះឥទ្ធិពលអាក្រក់ដល់សង្គម ព្រោះសង្គមយើងនេះ មានឥទ្ធិពលណាស់ ចូរជៀវវាងឱ្យបានល្អបំផុត ហើយត្រូវមានសតិស្មារតិ ប្រព្រឹត្តធម៌អភិសមាចារ ចេះគោរពព្រះថេរៈ។
ចូរព្រះករុណាសាងខ្លួនឱ្យរឹងមាំ ប្រទេសយើងកំពុងតែអភិវឌ្ឍ កំពង់តែត្រូវការព្រះករុណាជួយ ក្នុងក្របខណ្ឌសាសនា ចូរកុំឱ្យគេចេះតែឆោតថាយើងមិនកើត ចូរនាំគ្នាធ្វើខ្លួនឱ្យរឹងមាំ ដើម្បីជួយជាតិខ្មែរយើង កុំឱ្យពួកបង្កចលាចលដល់សង្គមចេះតែថា ដោយគ្មានមូល គ្មានភាពប្រកដប្រជាច្បាស់លាស់ ចូរស្រឡាញ់ទឹកដី ស្រឡាញ់រាជរដ្ឋាភិបាលយើង ស្រឡាញ់ផ្ទះយើង ស្រឡាញ់ប្រទេសជាតិយើង។ ចូរព្យាយាមជួយប្រទេសជាតិ តាមយរៈការបណ្ដុះបណ្ដាលអប់រំ ភិក្ខុ សាមណេរ ការគ្រប់គ្រងដឹកនាំវត្តអារាម សាលាពុទ្ធិក ចូលរួមជាមួយរាជរដ្ឋាភិបាលយើងនេះឯង គឺមានឈ្មោះថាជួយជាតិ។
លោក ញ៉ែម វ៉ាលី បាននាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។ សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង៕