(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ បានថ្លែងបញ្ជាក់ថា ផ្អែកលើគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល បច្ចេកវិទ្យាហិរញ្ញវត្ថុបានកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព និងលើកស្ទួយការបំផុសនូវរចនាសម្ព័ន្ធដ៏ប្រសើរមួយសម្រាប់វិស័យហិរញ្ញវត្ថុ។
លោកបណ្ឌិត តាំង ងួនលី បានថ្លែងដូចនេះនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះនាឱកាសដែលមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ រៀបចំ «ថ្ងៃបទបង្ហាញបញ្ច្រាស»ក្នុងគោលបំណងដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ និងមានការចូលរួមពីសំណាក់លោក Han Peng Kwan ដែលជាហេរញ្ញិកសមាគមធនាគារនៅកម្ពុជា និងអគ្គនាយកធនាគារ វីង, កញ្ញា Chin Aster ដែលជាប្រធានផ្នែកទំនាក់ទំនងសារធារណៈសហគ្រិនខ្មែរ, តំណាងដៃគូពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោកបណ្ឌិត តាំង ងួនលី បានបន្ថែមទៀតថា ដើម្បីរួមចំណែកលើកស្ទួយបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ ត្រូវបានរចនាឡើងដើម្បីជំរុញឱ្យមានការរួមសហការ បង្កើនជំនាញ និងលើកស្ទួយនូវការអភិវឌ្ឍផ្សេងៗនៅក្នុងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត តាំង ងួនលី បានបន្ថែមទៀតថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៤នេះ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលត្រូវបានរៀចំឡើងដោយផ្ដោតលើប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុជាចំបង ដោយក្នុងនោះស្ថាប័នធំៗ ឫអ្នកដឹកនាំនៃឧស្សាហកម្មធ្វើការចែករំលែកអំពីបញ្ហាប្រឈមរបស់ខ្លួនដើម្បីឱ្យធុរកិច្ចថ្មីស្វែងរក និងអភិវឌ្ឍនូវសេវាកម្ម ឬផលិតផលណាមួយដែលអាចក្លាយជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនោះ។
សូមបញ្ជាក់ដែរថា លោកអ្នកអាចធ្វើការដាក់ពាក្យចូលរួមកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ តាមរយៈ៖ https://ri.techostartup.center/ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ បេក្ខជនដែលមានសិទ្ធិចូលរួមកម្មវិធីនេះបានអាចជាក្រុមធុរកិច្ចថ្មី អ្នកអភិវឌ្ឍកម្មវិធី ឬនវានុវត្តជន ដែលបានចងក្រងជាក្រុមស្រាប់ ហើយតម្រូវឱ្យសមាជិកចាប់ពី៣នាក់ឡើងទៅ ហើយក្នុងករណីដែលមានធុរកិច្ចថ្មីដែលបានចូលក្នុងទីផ្សាររួច ធុរកិច្ចថ្មីនោះត្រូវមានអាយុមិនលើសពី ៥ឆ្នាំ។
បេក្ខជនក្នុងកម្មវិធីនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ១៖ ការបណ្ដុះបណ្ដាល និងការតម្រង់ទិសពីអ្នកជំនាញ, ២៖ ការបង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធ ផ្សេងៗ,៣៖ ការិយាល័យធ្វើការរួមគ្នា និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាកល្បងការទូទាត់ប្រាក់ឌីជីថល Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ៤៖ ឱកាសទទួលបានឥណទានពពក ដើម្បីប្រើប្រាស់សេវាកម្ម AWS ដែលមានតម្លៃស្មើនឹង ៥ ពាន់ដុល្លារ, ៥៖ ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៦៖ ការទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុនសរុប ១២៨លានរៀលផងដែរ៕