(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានស្នើតាមរយៈលោក កៅ ហ្វឹង អភិបាលរង ខេត្តយូណាន ថាត្រូវជួយក្នុងការជំរុញ អ្នកវិនិយោគ នៃខេត្តយូណាន ក៏ដូចប្រទេសចិនទាំងមូល ចូលមកវិនិយោគនៅកម្ពុជា សំខាន់ខេត្តសៀមរាប ទៅលើវិស័យទេសចរណ៍ និងកសិកម្ម ព្រមទាំងទីផ្សារក្រពើ ផងដែរ។
ការស្នើបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពេលដែល លោក កៅ ហ្វឹង អភិបាលរង ខេត្តយូណាន ប្រទេសចិន បានដឹកនាំគណប្រតិភូខេត្តយូណាន ជួបសំណេះសំណាលជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
ក្នុងនោះដែរ លោក ឃឹម ប៊ុនសុង បានលើកឡើង ពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងបញ្ជាក់ពី សក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើ វិស័យទេសចរណ៍ និងកសិកម្ម។ លោកអភិបាលខេត្ត បានឲ្យដឹងថា កិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមួយបណ្តា ខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀងយោគយល់គ្នា ក្នុងកិច្ចប្រតិបត្តិការ មានចំនួន៥ខេត្ត និងចុះហត្ថលេខាលើ លិខិតសេចក្តីផ្តួចផ្តើម ចំនួន១១ខេត្តផងដែរ។
ជាមួយគ្នានោះដែរ លោក កៅ ហ្វឹង អភិបាលរងខេត្តយូណាន ក៏បានបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងគ្នាតាំងពីសម័យដ៏យូលង់មកហើយ ព្រមទាំងបានបន្តពី ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការថែរក្សាមកដល់បច្ចុប្បន្ន និងថ្នាក់ដឹកនាំប្រទេសទាំងពីរ បានជម្រុញឲ្យបណ្តាខេត្ត-ក្រុង នៃប្រទេសទាំងពីរ ធ្វើការចងសម្ព័ន្ធមេត្រីភាព ក្នុងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនឹងគ្នាក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើន ម៉្យាងដោយខេត្តសៀមរាប និងខេត្តយូណាន មានសម្ព័ន្ធមេត្រីភាពនឹងគ្នា ក្នុងកិច្ចសហប្រតិបត្តិការបានល្អទៀតផង។
បន្ថែមពីនេះ ភាគីចិនក៏បានបញ្ជាក់ អំពីការផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសកម្ពុជា ជាភាសាចិន នៅប្រទេសចិន និងខេត្តយូណាន ក្នុងការជម្រុញប្រជាជនចិន ចូលមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប ម៉្យាងទៀតក៏មានក្រុមហ៊ុនស្នាមញញឹមអង្គរ ដែលបានចូលមកវិនិយោគនៅខេត្តសៀមរាប ក្នុងការផ្សព្វផ្សាយ វប្បធម៌ កម្ពុជា បានកំពុងទាក់ទាញភ្ញៀវ ព្រមទាំងនឹងធ្វើការពង្រីកកិច្ចការរបស់ខ្លួន ក្នុងការធ្វើវិនិយោគទុននៅខេត្តសៀមរាប មាន២០លានដុល្លា។ ជាងនេះទៅទៀត លោក កៅ ហ្វឹង បានលើកថា នៅពេលនិវត្តន៍ ទៅដល់ប្រទេសចិន លោកនឹងធ្វើការ ផ្សព្វផ្សាយ ជម្រុញដល់អ្នកវិនិយោគ នៅខេត្តយូណាន ចូលមកវិនិយោគនៅខេត្តសៀមរាប លើវិស័យទេសចរណ៍ កសិកម្ម និងវិស័យផ្សេងៗទៀត ផងដែរ៕