(ភ្នំពេញ)៖ លោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញធ្វើបាឋកថាស្តីពី «កិច្ចសហការទប់ស្កាត់ និងបង្រ្កាបបទល្មើសគយ» នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
បញ្ជាក់នៅក្នុងបទបាឋកថា ខាងលើនេះ លោក ប៉ែន សំអាត បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការទប់ស្កាត់ និងបង្រ្កាបបទល្មើសគយ ដោយលើកឡើងគោលការណ៍ គតិយុត្តិ នៃកិច្ចសហការគយ មួយចំនួន ជាពិសេសច្បាប់ស្តីពីគយ និងលិខិតបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធ។ នៅចុងបញ្ចប់នៃបទបាឋកថានេះ ក៏មានកម្មវិធីសំណួរចម្លើយ និងមានការបំភ្លឺបន្ថែម តាមប្រធានបទនីមួយៗជូនសិក្ខាកាមផងដែរ ។
លោក ប៉ែន សំអាត ធ្វើបាឋកថា ជូនដល់និស្សិតនិងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានវត្តមានជាកិត្តិយសពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា នាយករង គ្រូនគរបាលជាតិ ព្រមទាំងប្រតិភូគយ និងរដ្ឋាករអមដំណើរសរុបប្រមាណជាង ២០០នាក់ ។
ក្នុងបទបាឋកថានេះ លោក ប៉ែន សំអាត បានបន្ថែមឲ្យដឹងពីទម្រង់នៃកិច្ចសហការគយដែលរួមមាន កិច្ចសហការផ្ទៃក្នុងជាតិ និងកិច្ចសហការអន្តរជាតិផងដែរ ព្រមទាំងលទ្ធផលនៃការបង្រ្កាប អំពើរត់គេចពន្ធ នា៥ឆ្នាំចុងក្រោយជាដើម។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ ក៏មានការឯកភាពផ្តល់នូវសម្ភារៈការិយាល័យ ជាកុំព្យូទ័រលើតុ ចំនួន១០គ្រឿង ជូនបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ៕