(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនសកម្មភាពអនុវត្តកិច្ចអន្តរាគមន៍ពហុវិស័យ ក្នុងការកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

ការអំពាវនាវនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឹមិនឆ្លង នៅប្រទេសកម្ពុជា ២០២៣ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៉ីម៉ាវ៉ារី។

លោករដ្ឋមន្ត្រីសាស្ត្រាចារ្យ ឈាង រ៉ា បានឲ្យដឹងថា ជំងឺមិនឆ្លងនៅកម្ពុជាបច្ចុប្បន្នកំពុងមាននិន្នកាកើនឡើង ដែលជាបញ្ហាសុខភាពសាធារណៈមួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងក្នុងការកើនឡើងនេះ។ អត្រាប្រេវ៉ាឡង់នៃជំងឺមិនឆ្លងសំខាន់ៗ (ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ) បាននិងកំពុងកើនឡើង ដែលសម្លាប់ប្រជាជនកម្ពុជាជិត៦០០០០នាក់ ជារៀងរាល់ឆ្នាំ។ ម្នាក់ក្នុងចំណោម៤នាក់ស្លាប់ ភាគច្រើនកើតឡើងមុនអាយុ៧០ឆ្នាំដោយសារតែជំងឺមិនឆ្លង។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស និងលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បងមួយដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។

លោករដ្ឋមន្ត្រីបានស្នើក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនសកម្មភាពអនុវត្តកិច្ចអន្តរាគមន៍ពហុវិស័យ ក្នុងការកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានអំពាវនាវដៃគូអភិវឌ្ឍ ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន សូមយកចិត្តទុកដាក់បង្កើនសកម្មភាព ឃោសនាអប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងដែលមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ដោយកាត់បន្ថយការពិសាបារី កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងការប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច និងបង្កើនសកម្មភាពរាងកាយ។

លោករដ្ឋមន្ត្រីសាស្ត្រាចារ្យ ឈាង រ៉ា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ក្រុមការងារពាក់ព័ន្ធទាំងអស់បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើសកម្មភាពរួមគ្នា ក្នុងការចូលរួមអនុវត្តសកម្មភាពផ្សព្វផ្សាយកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដើម្បីអភិវឌ្ឍធនធានមនុស្សលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។ យើងមានសកម្មភាពជាច្រើនដែលត្រូវរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោក ដោយធ្វើកិច្ចការឃោសនាអប់រំអំពីការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំជក់ កាត់បន្ថយផ្អែម ប្រៃ និងខ្លាញ់ជាដើម។ ជាមួយគ្នានេះដែរ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រក្នុងរយៈពេលវែងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏នឹងពិចារណាក្នុងការរៀបចំផែនការ ដើម្បីស្នើសុំក្នុងការដំឡើងពន្ធទៅលើភេសជ្ជៈផ្អែម គ្រឿងស្រវឹង និងផលិតផលថ្នាំជក់ជាដើម។

លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖

១-នាយកដ្ឋានការពារសុខភាព មជ្ឈមណ្ឌលលើកកម្ពស់សុខភាព និងអង្គភាពក្រោមឱវាទក្រសួងសុខាភិបាលដែលទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងត្រូវខិតខំធ្វើសកម្មភាពឱ្យកាន់តែមោះមុតថែមទៀត នៅក្នុងការផ្សព្វផ្សាយអប់រំសុខភាព អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លងទៅដល់សហគមន៍ឱ្យបានផុសផុលជាប់ជាប្រចាំ។

២-អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាមន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាពត្រូវខិតខំយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំសុខភាពក៏ដូចជាខិតខំធ្វើការស្រាវជ្រាវរកឱ្យឃើញពីដំបូងនូវជំងឺមិនឆ្លងដែលមានដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក ដើម្បីកាត់បន្ថយកត្តាហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់អ្នកជំងឺ។

៣-ស្នើសូមការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសបណ្ដាញផ្សព្វផ្សាយជាតិ អន្តរជាតិ បង្កើនការផ្សព្វផ្សាយនៅសារឃោសនាអប់រំសុខភាពឱ្យបានទូលំទូលាយថែមទៀត និងស្នើសូមការកាត់បន្ថយ នឹងឈានទៅរកការលុបបំបាត់នៃការផ្សព្វផ្សាយទៅលើផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង ដែលការផ្សព្វផ្សាយនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខភាពអ្នកប្រើប្រាស់៕