(ភ្នំពេញ)៖ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំនៅកម្ពុជា ចាប់ផ្តើមបេសកកម្មការងាររបស់ខ្លួនហើយ បន្ទាប់ពីអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចាប់ផ្តើមការងារដ៏លឿនរហ័សរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីនៅកម្ពុជា បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី។ សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី នឹងបន្តប្រឹងប្រែងបំពេញការងារ ដើម្បីជាចំណែកជួយពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
លោកឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី និងភរិយា បានមកដល់ប្រទេសកម្ពុជារយៈពេលពីរសប្តាហ៍ហើយ។ ក្នុងឱកាសអញ្ជើញប្រគល់សារតាំងនាព្រឹកមិញនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ ភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងភាពរស់រាយរាក់ទាក់យ៉ាងកក់ក្តៅរបស់ប្រជាជនកម្ពុជា។
សម្រាប់លោកឯកអគ្គរដ្ឋទូត ការបានមកបំពេញការងារនៅកម្ពុជា គឺជាកិត្តិយសមួយដ៏ធំធេងសម្រាប់រូបលោក។ លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោប្រមុខរដ្ឋស្តីទីថា រដ្ឋាភិបាលអូស្រ្តាលី តែងចាត់ទុកទំនាក់ទំនងការទូតជាមួយកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែប្រទេសកម្ពុជា និងអូស្រ្តាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាលើគ្រប់វិស័យ។
បន្ថែមពីលើនោះ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគីអូស្រ្តាលី-កម្ពុជា ដែលជាសមាជិកសំខាន់ និងមានឥទ្ធិពលរបស់អាស៊ាន។ អូស្ត្រាលី ក៏ផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងជាមួយអាស៊ានផងដែរ ព្រោះអូស្រ្តាលី គឺជាដៃគូសន្ទនាដំបូងគេបំផុតរបស់អាស៊ាន ហើយឆ្នាំនេះ គឺជាខួបអនុស្សាវរីយលើកទី ៥០ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោផងដែរថា កម្ពុជា មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចដែលបានធ្វើកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីន...។ល។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោប្រមុខរដ្ឋស្តីទីដែរថា ឆ្នាំនេះ គឺជាខួបឆ្នាំទី៣០ហើយ នៃអាហារូបករណ៍អូស្ត្រាលី សម្រាប់និស្សិតកម្ពុជា។ ឆ្នាំ២០២៥ខាងមុខ អូស្ត្រាលី នឹងបង្កើនចំនួនអាហារូបករណ៍ពី៤៥កន្លែង ទៅ ៦២កន្លែង ដែលនឹងចាប់ផ្ដើមវគ្គសិក្សានៅខែកុម្ភៈ។
បន្ទាប់ពីរំលឹកដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយហើយនោះ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តនឹងបំពេញបេសកកម្មការទូត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផលផ្លែផ្កា ចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន មានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែប្រសើរ ឱ្យស័ក្តិសមនឹងទំនុកចិត្តដែលថ្នាក់ដឹកនាំអូស្រ្តាលី ប្រគល់ទំនុកចិត្តដល់រូបលោក។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន។
សម្តេចតេជោ បានរំលឹកថា ប្រទេសកម្ពុជា ចងចាំ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រទេសអូស្រ្តាលី ដោយសារតែអូស្រ្តាលី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យរបស់កម្ពុជាមុនគេក្នុងឆ្នាំ១៩៥២ គឺមុនពេលកម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ទៅទៀត។
អូស្រ្តាលី ក៏ជាប្រទេសនាំមុខប្រកាសមិនទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិផងដែរ ខណៈប្រទសធំៗមួយចំនួន ដែលអួតអាងពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស តែទទួលស្គាល់ពួកខ្មែរក្រហមទៅវិញ។ រហូតដល់ការស្វែងរកសន្តិភាពនៅកម្ពុជា ថ្នាក់ដឹកនាំអូស្រ្តាលី ក៏ខិតខំចូលរួមចំណែកសម្របសម្រួលជាច្រើនដំណាក់កាល រហូតកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្តេចតេជោ បានមានប្រសាសន៍ថា មិនមានប្រទេសច្រើនទេក្នុងពិភពលោក ដែលយល់ព្រមសហការជាមួយប្រទេសផ្សេងតាក់តែងសៀវភៅស ការពារជាតិ ប៉ុន្តែកម្ពុជា និងអូស្ត្រាលី គឺទុកចិត្តគ្នា។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណអូស្រ្តាលី ដែលបានជួយបង្ហាត់បង្រៀនភាសាអង់គ្លេសដល់កងទ័ពមួកខៀវ មុនចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅបរទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្តេចតេជោ បន្តទៀតថា កន្លងមកអូស្រ្តាលី ក៏បានជួយកម្ពុជា ក្នុងវិស័យបោសសម្អាតមីន ដូច្នេះសូមបន្តជួយលើវិស័យនេះបន្ថែមទៀត ដើម្បីកម្ពុជាសម្រេចបានគោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។
ក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោ ក៏បានអញ្ជើញភាគីអូស្រ្តាលី ចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រទេសកម្ពុជា ដែលកំពុងតែខិតខំបោសសម្អាតមីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្រ្គាម ក្នុងប្រទេសខ្លួនឯងផង បាននិងកំពុងជួយបង្ហាត់បង្រៀនវិធីសាស្រ្តបោសសម្អាតមីនដល់ប្រទេសដទៃផង (ដូចជាកូឡុំប៊ី, អ៊ុយក្រែន) និងបានបញ្ជូនកងទ័ពទៅដោះមីន នៅប្រទេសកំពុងមានជម្លោះផងដែរ ប៉ុន្តែធ្វើក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពីចំនួន៤៥នាក់ ដល់៦២នាក់។ ក្រៅពីនិស្សិតទួលបានអាហារូបករណ៍ ក៏មាននិស្សិតកម្ពុជាជាច្រើនទៀត ក៏បានសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដោយសារតែអូស្រ្តាលី នៅជិតជាងប្រទេសអឺរ៉ុប និងអាមេរិក, មានគុណភាពអប់រំខ្ពស់ និងមានវប្បធម៌រស់នៅប្រហាក់ប្រហែលវប្បធម៌អាស៊ី ដែលអាណាព្យាបាលភាគច្រើនពេញចិត្ត។
ចំពោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគវិញ សម្តេចតេជោប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា អូស្រ្តាលី បានជួយកម្ពុជាលើការងារជាច្រើន ប៉ុន្តែការវិនិយោគរបស់អូស្រ្តាលី គឺមានកម្រិតទាបនៅឡើយ។ សម្តេចតេជោ ស្នើអគ្គរាជទូតថ្មីខិតខំជំរុញអ្នកវិនិយោគអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្រ្តាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ។
សម្តេចតេជោ បានប្រាប់ទៅអគ្គរដ្ឋទូតអូស្រ្តាលី ទៅទស្សនាក្រុមហ៊ុនអូស្រ្តាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះកម្ពុជាមានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្រ្តី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ដល់ទំនាក់ទំនងនយោបាយដែលធំ និងរឹងមាំដូចគ្នា៕