(ប៉ៃលិន)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងគណៈប្រតិភូ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បានចុះពិនិត្យមើលផ្លូវស្រប ១ខ្សែនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានប្រវែង២០គីឡូម៉ែត្រ ដែលទើបកសាងរួចរាល់ ១០០ភាគរយ ក្នុងជំហានទី១។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ផ្លូវ១ខ្សែនេះ នឹងត្រូវកសាងបន្ត ជាជំហានៗ រហូតផ្សារភ្ជាប់ផ្លូវ ក្រវ៉ាត់ព្រំដែនដែលកំពុង កសាងចេញពីខេត្តកោះកុង ឆ្ពោះមកតភ្ជាប់គ្នានឹងខ្សែផ្លូវនេះ តាមចក្ខុវិស័យក្នុងយុទ្ឋសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្លូវមួយខ្សែរស្របព្រំដែនកម្ពុជា-ថៃនេះ មានសក្តានុពលលើវិស័យការពារជាតិ និងបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូន កសិផលរបស់ប្រជាកសិករ តាមព្រំដែនទៅកាន់ទីផ្សារ បានឆាប់រហ័ស កាត់បន្ថយការចំណាយលើការដឹកជញ្ជូន ស្មើនឹងការបង្កើន តម្លៃកសិផលរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅតំបន់ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន បានកំពុងជំរុញបន្ថែម នូវការពង្រឹងកិច្ចសហប្រតិ្តបតិការជាមួយ ប្រទេសថៃជាមិត្ត ដើម្បីប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសទាំងពីរឲ្យទៅជាព្រំដែន មួយដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ សំដៅលើកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែននៃ ប្រទេសទាំងពីរឲ្យល្អប្រសើឡើង។
លោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានឱ្យដឹងថា ផ្លូវលំមួយខ្សែនេះ មានប្រវ៉ែង២០គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ ធ្វើស្ពាន៥កន្លែង ដាក់លូ២៩កន្លែង លូប្រអប់៩កន្លែង ហើយកសាងចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់ចំណុចអូរអែម ភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយផ្លូវនេះ គឺជាផ្លូវក្រាលគ្រួសក្រហមជំហានដំបូងស្របតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ជាគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោងដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលចាបផ្តើមកសាងនៅដើមឆ្នាំ២០១៦។ លោករដ្ឋមន្ដ្រីបន្ថែមថា ពេលត្រលប់ទៅវិញលោក នឹងពិនិត្យមើលគម្រោងលទ្ធភាព ដើម្បីកសាងផ្លូវនេះបន្តទៀត រហូតដល់តភ្ជាប់ ជាមួយផ្លូវដែលកំពុងធ្វើពី ខេត្តកោះកុងទៅតាមផែនការ៕