(វៀងច័ន្ទ)៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសឡាវ និង វៀតណាម នៅរយៈពេល០៦ខែដំបូង នៃឆ្នាំ២០១៦នេះ បានធ្លាក់ចុះរហូតដល់ទៅ ៣៤.៨ភាគរយ ក៏ព្រោះតែរដ្ឋាភិបាលឡាវ បានបញ្ជាឲ្យបិទ គំរោងរុករករ៉ែមួយចំនួន រួមជាមួយនឹងការបិទការនាំចេញឈើហ៊ុប និងឈើគ្រញូងក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន ស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
តម្លៃនៃពាណិជ្ជកម្ម បានសម្រេចលទ្ធផលក្នុងរង្វង់ត្រឹមតែ៤២៧លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយបើយកទៅប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ គឺតម្លៃនេះបានធ្លាក់ចុះជិតពាក់កណ្តាល ទៅហើយ ចំពោះពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសជិតខាងទាំងពីរនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍតាមព្រំដែនរវាង ឡាវ និង វៀតណាម បានធ្វើឡើងកាលពីថ្ងៃសុក្រ សប្តាហ៍មុននេះនៅខេត្ត Attapeu ភាគខាងត្បូង ប្រទេសឡាវ ដែលមានចម្ងាយ ៥៧០គីឡូម៉ែត្រពីរដ្ឋធានីវៀងច័ន្ទ ដោយក្នុងនោះតំណាងប្រទេសទាំងពីរបានសន្យាថា នឹងធ្វើឲ្យតម្លៃ ពាណិជ្ជកម្មទ្វេភាគី បានប្រសើរឡើងវិញនៅដំណាច់ឆ្នាំ២០១៦នេះ យ៉ាងហោចណាស់ក៏២០ភាគរយដែរ។
ងាកមកមើលតម្លៃនៃពាណិជ្ជកម្មរវាងឡាវ និង វៀតណាម កាលពីឆ្នាំ២០១៥ វិញគឺស្មើនឹង ១.១ពាន់លានដុល្លារ ដោយវាបានធ្លាក់ចុះ ១២.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៤៕