(កំពង់ចាម)៖ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា និងលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារដែលពិការភាព មានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ក្នុងស្រុកចំការលើ ក្នុងនោះ ឃ៉ំជយោ ២គ្រួសារ ឃ៉ំស្ពឺ ២គ្រួសារ ឃ៉ំស្វាយទាប ២គ្រួសារ ភូមិល្វាលើ ២គ្រួសារ និងឃ៉ំតាអុង ២គ្រួសារ ។
ក្នុងឱកាសនោះ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីអាណិតអាសូរ ពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេចតែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនពួកគាត់បានទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «មិនទុកនរណាម្នាក់ចោលឡើយ»។
ជាមួយគ្នានោះលោកស្រី ញូង ចរិយា អ៊ុនចាន់ដា និងលោកស្រី ប៉ាង ដានី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានពិការភាព ក៏ដូចជា៖ ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ពីព្រោះ រដូវនេះ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ត្រូវបង្ការខ្លួន ជៀសផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើសុខភាពដោយអនុវត្តវិធានការអនាម័យស្អាត៣ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ។
គួរបញ្ជាក់ថា អំណោយដែលផ្ដល់ជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលមានពិការភាព និង មានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម,មី ១កេស,ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១យួរ, ឃីត ១សម្រាប់ និង ថវិកាចំនួន ៥០,០០០រៀលផងដែរ ៕