(បាត់ដំបង)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងថា ទីវត្តអារាម មិនត្រឹមតែជាទីកន្លែងអប់រំបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងផ្តល់ការថែទាំសុខភាពផងដែរ ជាពិសេសសុខភាពផ្លូវចិត្ត ហើយស្ទើរតែរៀងរាល់ថ្ងៃ ព្រះសង្ឃតែងតែបានជួបប្រាស្រ័យជាមួយប្រជាជន ហើយប្រជាជនដែលមានទុក្ខសោកតែងតែទៅជួបព្រះសង្ឃ។ ដូច្នេះព្រះពុទ្ធសាសនា ជួយព្យាបាលប្រជាជនដែលមានបញ្ហាសុខភាពផ្លូវចិត្តយ៉ាងស្ងៀមស្ងាត់ ពិសេសតាមរយៈការទេសនា និងធ្វើសមាធិ។
ការថ្លែងដូច្នេះរបស់លោកវេបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី ព្រះពុទ្ធសាសនា និងសុខភាពផ្លូវចិត្ត ដែលរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជាដោយមានការគាំទ្រពីអង្គការ MOMENTUM USAID ។
សិក្ខាសាលានេះក៏មានការចូលរួមពី ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងលោក កុយ សុមន្ថា ប្រធានអង្គការ MOMENTUM-USAID ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធី ចូលរួមសរុបចំនួន ៥៨រូប។
លោកអគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹង និងការថែទាំសុខភាពផ្លូវចិត្តទៅក្នុងការប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា ដែលក្នុងនោះប្រជាជនកម្ពុជាច្រើនជាង ៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា។
លោកបានថ្លែងបន្ដថា «ព្រះពុទ្ធសាស្រ្តបានជួយព្យាបាលប្រជាជន ដែលមានបញ្ហាសុខភាពផ្លូវចិត្តយ៉ាងស្ងៀមស្ងាត់។ ព្រះពុទ្ធសាសនាមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយសុខភាពផ្លូវចិត្ត រាល់ការទេសនា រាល់ការធ្វើសមាធិសុទ្ធតែសំដៅ ឱ្យមានភាពរឹងប៉ឹងដល់សុខភាពផ្លូវចិត្ត»។
ជាមួយគ្នានេះ ព្រះតេជគុណព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានលើកអំពីពុទ្ធដីកា ចំនួន ២ ដែលពាក់ព័ន្ធនឹងសុខភាព គឺ ធម្មោឱសថោ (ធម៌ជាឱសថ) និង ពុទ្ធោមហាវិជ្ជោ (ព្រះពុទ្ធជាគ្រូពេទ្យដ៏អស្ចារ្យ) ព្រមទាំងមានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងវិស័យព្រះពុទ្ធសាសនា។
ជាកិច្ចបញ្ចប់ លោកអគ្គនាយកបច្ចេកទេសសុខាភិបាល បានផ្តល់អនុសាសន៍ឱ្យអង្គសិក្ខាសាលារយៈពេល ២ថ្ងៃនេះ ខិតខំរិះរកនូវចំនុចរួមរវាងព្រះពុទ្ធសាសនា និងសុខភាពផ្លូវចិត្ត ដែលអាចបង្កើតបាននូវកិច្ចសហការគ្នាក្នុងការថែទាំសុខភាពផ្លូវចិត្ត ជូនប្រជាជនក្នុងសហគមន៍ ព្រមទាំងមានការស្រាវជ្រាវបន្ថែមទៀត ពីតួនាទីរបស់ព្រះសង្ឃក្នុងការថែទាំសុខភាពផ្លូវចិត្ត។
លោកវេជ្ជបណ្ឌិតក៏បានសង្ឃឹមយ៉ាងមុមាំថា អង្គការដៃគូទាំងអស់បន្តចូលរួមគាំទ្រដល់កម្មវិធីសុខភាពផ្លូវចិត្ត ដើម្បីចូលរួមដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែរឹងមាំជានិរន្តន៍៕