(ព្រះសីហនុ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្ត តំណាងលោក ម៉ាង ស៊ីណេត ប្រធានសាខា រួមដំណើរជាមួយមន្ត្រីសាលាខេត្តព្រះសីហនុ និងមន្ទីរពាណិជ្ជកម្ម បានចុះពិនិត្យគុណភាពទំនិញ ម្ហូបអាហារ ដែលកំពុងដាក់លក់តាមបណ្តាទីផ្សារនានាក្នុង ខេត្ត ដោយផ្តោតសំខាន់ទៅលើគ្រឿងសមុទ្រ និងទេយ្យទាន និងម្ហូបអាហារវេចខ្ចប់រួច ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីផ្ទៀងផ្ទាត់អំពីគុណភាព និងផលប៉ះពាល់ផ្សេងៗ ដែលអាជីវករ អ្នកលក់ដូរមួយចំនួន បានកំពុងចរាចរដាក់លក់ធ្វើឲ្យ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក ជា ប៉ិច បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា របស់អគ្គនាយកដ្ឋានកាំកុងត្រូល លោក ម៉ាង ស៊ីណេត ប្រធានសាខា បានដាក់ផែនការឲ្យមន្ត្រីចុះពិនិត្យជារៀងរាល់ថ្ងៃ តាមទីផ្សារនានាក្នុងខេត្ត ដើម្បីពិនិត្យ និងស្វែងរកម្ហូបអាហារ គ្រឿងកំប៉ុងជាដើម ដើម្បីធ្វើការដកហូតយកទៅកម្ទេចចោល ប្រយោជន៍ដើម្បីកុំឲ្យអ្នកប្រើប្រាស់ ប៉ះពាល់ដល់សុខភាព និងរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបុណ្ឌនេះ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ និងចុះពិនិត្យជារៀងរាល់ថ្ងៃ ក្នុងគោលបំណង ទប់ស្កាត់ការលួចបន្លំគុណភាព ដែលកំពុងដាក់លក់នៅលើទីផ្សារ។ ជាមួយគ្នានេះ កាំកុងត្រូល ក៏បានអប់រំ ពន្យល់ដល់អ្នក ប្រកបរបរលក់ដូរនានា ឲ្យយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឲ្យបានត្រឹមត្រូវមុន និងទិញយកមកដាក់តាំងលក់ឲ្យអតិថិជន ព្រោះជៀសវាងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយអំឡុងពេលត្រួតពិនិត្យនៅព្រឹកមិញនេះ មន្ត្រីកាំកុងត្រូល ក៏បានធ្វើការដកហូតផលិតផលកំប៉ុងដែលកំពិត ពីអ្នកលក់បានមួយចំនួនផងដែរ៕