(កំពង់ធំ)៖ លោក អុីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័តមាន ទទួលបន្ទុកគ្រប់គ្រងវិស័យព័ត៌មាន ក្នុងខេត្តកំពង់ធំ បានលើកឡើងថា សមត្ថភាពសរសេរព័ត៌មាននិងធ្វើបទយកការណ៍ របស់មន្ត្រី គឺជាភ្នែកមួយដែលសំខាន់ជាងគេ ដូច្នេះ សមត្ថភាពរបស់មន្រ្តី ក្នុងការសរសេរព័ត៌មាន និងធ្វើបទយកការណ៍ គឺជារឿងចាំបាច់ដែលមន្ទីរត្រូវយកចិត្តទុកដាក់ ចំពោះការបណ្តុះបណ្តាលមន្ត្រី ដើម្បីលើកកម្ពស់វិស័យព័ត៌មាននៅមូលដ្ឋាន។
ការលើកឡើងបែបនេះរបស់ លោក អុីវ ផល្លី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅមន្ទីរីព័ត៌មានខេត្តកំពង់ធំ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា រូបភាពគឺត្រូវតែបង្ហាញ ពីខ្លឹមសារនៃអត្ថបទ ការថតរូប ត្រូវតែមានជំនាញក្នុងការចាប់ប្លង់ និងគុណភាពរូបផងដែរ ហើយចំណងជើងអត្ថបទ ក៏ត្រូវតែមានភាពទាក់ទាញ បង្កើនចំណាប់អារម្មណ៍របស់អ្នកអាន។ មួយវិញទៀត ខ្លឹមសារនៃអត្ថបទ ត្រូវសរសេរឱ្យមានខ្លឹមសារ និងមានន័យគ្រប់គ្រាន់ ចៀសវាងអត្ថបទធ្វើឱ្យអ្នកអាន មិនយល់ន័យ និងលែងចូលចិត្តការសរសេររបស់អ្នក។
លោកបន្ថែមថា ការសរសេរព័ត៌មាន និងធ្វើបទយកការណ៍បានល្អ និងត្រឹមត្រូវរបស់មន្ត្រី គឺជាការជួយលើកមុខមាត់មន្ទីរ និងក្រសួង។ មន្ត្រីដែលខិតខំបំពេញការងារបានល្អ គឺនឹងត្រូវបានលើកទឹកចិត្ត។
លោក អុីវ ផល្លី បានក្រើនរំលឹកទៅដល់មន្ត្រីដែលសរសេរព័ត៌មាន ត្រូវព្យាយាមស្វែងយល់ ពីបច្ចេកទេស ក្នុងការសរសេរ ព័ត៌មាន និងធ្វើបទយកការណ៍ បន្ថែមទៀត ដើម្បីពង្រីងសមត្ថភាពរបស់ខ្លួនមានគុណភាព៕