(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស ព្រមទាំងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី១១ ជាមួយពុទ្ធបរិស័ទនៅវត្តសាយ ដែលជាវត្តអត្ថខាត់មួយ ស្ថិតក្នុងភូមិសាយ ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធនោះរួចមក លោក ម៉ៅ ធនិន និងលោកស្រី ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តសាយ រួមមានទានធូប ស្ករស តែម្លូស្លា ចង្ហាន់៣ឆ្នាំងធំ អង្ករ១០០គក្រ ទឹកក្រូច៧កេស ទឹកសុទ្ធ៧កេស បច្ច័យ១លានរៀល សីលវ័ន្តសីលវន្តី ម្នាក់ៗក្រណាត់ស១ដុំ ប្រជាការពារ និងកងកម្លាំង ម្នាក់ៗថវិកា២ម៉ឺនរៀល។
គួរបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យកាន់វេនតាមវត្តអត្ថខាត់ នៃបណ្តាក្រុងស្រុកទូទាំងខេត្ត ចំនួន៥វេន រួមមាន៖
-វេនទី៩ ថ្ងៃទី២៥ ខែកញ្ញា វត្តពោធិ៍មានបុណ្យ ស្ថិតនៅក្នុងភូមិដង្គៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន
-វេនទី១១ ថ្ងៃទី២៧ ខែកញ្ញា វត្តសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ
-វេនទី១២ ថ្ងៃទី២៨ ខែកញ្ញា វត្តព្រះធាតុ ឃុំស្រែស្តុក ស្រុកកណ្តៀង
-វេនទី១៣ ថ្ងៃទី២៩ ខែកញ្ញា វត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ
-វេនទី១៤ ថ្ងៃទី៣០ ខែកញ្ញា វត្តសុភី ឃុំស្រែស្តុក សង្កាត់រលាប។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានពុទ្ធបរិស័ទ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយនាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាផង ឧទិ្ទសកុសល ជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក និងទទួលបាននូវសេចក្តីសុខ សិរីសួស្តី រស់នៅប្រកបរបរទទួលទានមានបានគ្រប់គ្រប់ៗគ្នា។ ជាមួយនឹងការ ធ្វើបុណ្យទានជាប្រពៃណីនេះ គឺជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕