(ស្លូវេនី)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមឲ្យកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងដៃគូអភិវឌ្ឍ រួមគ្នាកសាងពិភពលោកមួយដែលជនរងគ្រោះទាំងអស់អាចរស់នៅដោយសេចក្តីថ្លៃថ្នូរ។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានថ្លែងសុន្ទរកថាក្នុងកម្មវិធីបិទសន្និសីទថ្នាក់តំបន់អឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅទីក្រុង Ljubljana ប្រទេសស្លូវេនី នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោកបណ្ឌិត លី ធុជ បានលើកឡើងថា សន្និសីទថ្នាក់តំបន់រយៈពេល៣ថ្ងៃ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួមក្នុងការជំរុញជំនួយជនរងគ្រោះ និងធានាថាតម្រូវការនិងសិទ្ធិរបស់ជនរងគ្រោះត្រូវបានដាក់បញ្ចូលក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ព្រមទាំងធានាថាជនរងគ្រោះដោយសារគ្រាប់មីនមានលទ្ធភាពទទួលបានការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ។ អង្គសន្និសីទបានទទួលស្គាល់អំពីតម្រូវការចាំបាច់សម្រាប់ការគាំពារផ្លូវចិត្តដល់ជនរងគ្រោះដោយសារគ្រាប់មីន និងតម្រូវការសម្រាប់ការគាំទ្រផ្នែកចិត្តសាស្រ្តប្រកបដោយនិរន្តរភាព ការប្រឹក្សាយោបល់ និងគំនិតផ្តួចផ្តើមផ្អែកលើសហគមន៍។
លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា លទ្ធផលនៃសន្និសីទថ្នាក់តំបន់នេះ គឺមានសារៈសំខាន់ណាស់ក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ដែលផែនការថ្មីនេះ ត្រូវធានាដោះស្រាយនូវតម្រូវការដែលកំពុងវិវត្តនៃជនរងគ្រោះ រួមបញ្ចូលដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងត្រូវបានផ្អែកលើការពិតដែលប្រឈមមុខដោយអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ លោកបណ្ឌិត លី ធុជ បានអំពាវនាវឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងដៃគូអភិវឌ្ឍ រួមគ្នាកសាងពិភពលោកមួយដែលជនរងគ្រោះទាំងអស់អាចរស់នៅដោយសេចក្តីថ្លៃថ្នូរ នៅកន្លែងដែលជនរងគ្រោះទទួលបានសេវាព្យាបាល និងកន្លែងដែលមានសន្តិភាព និងមានយុត្តិធម៌៕