(ព្រៃវែង)៖ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ រួមជាមួយ តំណាងរាស្ត្រមណ្ឌលព្រៃវែង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង តំណាងក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរអង្គភាពជំនាញពាក់ពន្ធ័ ដែលដឹកនាំដោយ លោក សួន សុម៉ាលីន អភិបាលខេត្ត ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងខេត្តព្រៃវែង។
លោក សួន សុម៉ាលីន បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកអភិបាលខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់បំពេញកាតព្វកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមចក្ខុវិស័យ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមវិញ គឺរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងឃុំ-សង្កាត់ និងស្ថាប័នមានសមត្ថកិច្ចគ្រប់ផ្នែក មានការសហការគ្នារក្សា និងគ្រប់គ្រងបានល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ។
លោកស្រី និន សាផុន បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។
លោកស្រី និន សាផុន បានថ្លែងបន្តថា កិច្ចប្រជុំនេះ ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងខេត្តព្រៃវែង។
ជាមួយគ្នានោះ លោកស្រី និន សាផុន ក៏បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងលើកិច្ចការរបស់ខ្លួនឱ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើន ទាំងធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច និងត្រូវបង្កើននូវទំនុកចិត្តឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា តាមរយៈការផ្តល់សេវាសាធារណៈនានា។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹក ដោយមានមន្ទីរអង្គភាពជំនាញបានធ្វើរបាយការណ៍សង្ខេបពីសកម្មភាពនៃការអនុវត្តការងារជំនាញប្រចាំថ្ងៃរបស់ខ្លួន មានទាំងបញ្ហាប្រឈម ឱកាស និងលទ្ធផលសម្រេចបាន ដើម្បីអង្គប្រជុំបានជ្រាប ព្រមទាំងមានការសាកសួរនូវព័ត៌មានបន្ថែមទៀតពីសំណាក់ សមាជិក សមាជិកា គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ផងដែរ។
នៅក្នុងឱកាសនោះ មន្ទីរអង្គភាពជំនាញបានលើកឡើងនូវសំណូមពរ និងការស្នើសុំធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលគណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធតាមនីតិវិធី ៕