(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ សញ្ញាសក្តិ របស់មន្រ្តីអធិការកិច្ចទេសចរណ៍ ដែលបានកំណត់ឱ្យប្រើប្រាស់ ក្នុងពេលចុះអនុវត្តច្បាប់ស្ដីពី ទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទើបទទួលបាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិទាំងនេះ ត្រូវប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ ក្នុងអង្គភាព, ក្នុងពេលបំពេញបេសកកម្ម ពង្រឹងការអនុវត្តច្បាប់ស្ដីពី ទេសចរណ៍ និងច្បាប់ពាក់ព័ន្ធនានា ក្នុងប្រតិបត្តិការស្រាវជ្រាវ តាមដាន ស៊ើបអង្កេត ធ្វើអធិការកិច្ច ទប់ស្កាត់ និងបង្រ្កាបបទល្មើសក្នុងវិស័យទេសចរណ៍, ក្នុងពេលចូលរួមពិធីបុណ្យ ប្រជុំ និង/ឬ សន្និសីទផ្លូវការផ្សេងទៀត, និងប្រើប្រាស់ក្នុងពេលចូលរួមសវនកម្ម នៅតុលាការ។
អនុក្រឹត្យបានបន្តថា «មន្រ្តីអធិការកិច្ចទេសចរណ៍ម្នាក់ៗ ត្រូវទទួលបានឯកសណ្ឋាន សញ្ញាសម្គាល់ សញ្ញាសក្តិ ចំនួន២ ក្នុងមួយឆ្នាំ ហើយមន្រ្តីអធិការកិច្ចទាំងឡាយណា ដែលកំពុងប្រើឯកសណ្ឋាន សញ្ញាសម្គាល់ សញ្ញាសក្តិចាស់ ត្រូវបន្តប្រើរហូតដល់ទទួលបានរបស់ថ្មីមកជំនួស»។
សូមអានខ្លឹមសារទាំងស្រុង ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងរូបភាពឯកសណ្ឋាន សញ្ញាសម្គាល់ សញ្ញាសក្តិ ដែលភ្ជាប់ក្នុងឧបសម្ព័ន្ធ ដូចខាងក្រោម៖