(កំពង់ចាម)៖ លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូជំនាញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្តីពី ការធ្វើប្រតិភូកម្មមុខងារវិស័យ ឧស្សាហកម្ម និងសិប្បកម្មជូនដល់រដ្ឋបាលខេត្តកំពង់ចាម។
លោក សុន សេងហួត បានថ្លែងក្នុងឱកាសនោះថា គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី លិខិតបទដ្ឋានគតិយុត្តិ, នីតិវិធី និង ប្រមូលផ្ដុំការផ្តល់សេវាលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលក្នុងនោះមានរបៀបវារៈ និង បទបង្ហាញពាក់ព័ន្ធនឹងការធ្វើប្រតិភូកម្មមុខងារវិស័យឧស្សាហកម្ម និងសិប្បកម្ម ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងធ្វើបទបង្ហាញដោយវាគ្មិនដែលជាមន្ត្រីជំនាញ និង មន្ត្រីបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ផ្ទាល់។
លោករដ្ឋលេខាធិការ បានបន្តថា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភារាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១និងកម្មវិធីនយោបាយដទៃទៀតជាច្រើន រួមទាំងយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមទាំងការលើកស្ទួយលើវិស័យឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។
លោកបន្ថែមថា ការធ្វើប្រតិភូកម្មអំណាចពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីបង្ខិតសេវាមកគៀកនឹងប្រជាពលរដ្ឋ ធានានូវភាពងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយនូវភាពស្មុគស្មាញ នៅពេលចុះបញ្ជីរោងចក្រ សហគ្រាស និងសិប្បកម្ម។ ការប្រតិភូកម្មមុខងារនេះ ជាការបង្ខិតសេវាជូនប្រជាពលរដ្ឋ និងប្រកបដោយចីរភាពសម្រាប់គាំទ្រវិស័យ ឧស្សាហកម្ម និងសិប្បកម្ម ដើម្បីធានាដល់ភាពងាយស្រួលក្នុងការចុះបញ្ជីជូនដល់សហគ្រាសសិប្បកម្ម កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការចំណាយខ្ពស់ និងជួយលើកកម្ពស់ជីវភាពដល់សហគ្រាសសិប្បកម្ម។
អភិបាលរងខេត្តកំពង់ចាម លោក ឡោ ចាន់លី បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានយកចិត្តទុកដាក់រៀបចំនូវសិក្ខាសាលាបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពី លិខិតបទដ្ឋានគតិយុត្តិ, នីតិវិធី និងប្រមូលផ្តុំការផ្តល់សេវាលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត បានថ្លែងទៀតថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះធនធានមនុស្ស ដែលជាមន្ត្រីថ្នាក់ក្រោមជាតិ ឱ្យក្លាយជាមន្ត្រីជំនាញដែលមានសម្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាជូនដល់សហគ្រាស សិប្បកម្ម ទៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដោយមានគុណភាពខ្ពស់។ បន្ថែមពីនេះទៀត លោកសង្ឃឹមថាយ៉ាងមុតមាំថា បងប្អូនដែលជាសិក្ខាកាមបានមកចូលរួមក្នុងសិក្ខាសាលានៃវគ្គបណ្តុះបណ្តាលថ្ងៃនេះ នឹងទទួលបាននូវចំណេះដឹងថ្មីៗ បន្ថែមទៀត ដោយការយកចិត្តទុកដាក់ស្តាប់ ការធ្វើបទបង្ហាញ និងការផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក សម្រាប់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ៕