(ប្រទេសស្លូវេនី)៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិន ក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី។
ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិន សម្រាប់អនុសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការចូលរួមនៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ និងបោះឆ្នោតគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងវិស័យសកម្មភាពមីន។
ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារៈសំខាន់ដើម្បីធ្វើឲ្យប្រទេសកម្ពុជា អាចសម្រេចបាននូវគោលដៅរបស់ខ្លួន។
ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានអញ្ជើញប្រទេសចិនឲ្យពិចារណាការចូលរួមអនុសញ្ញាអូតាវ៉ា និងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងនេះ ព្រមទាំងបានទទូចឲ្យប្រទេសចិនបោះឆ្នោតគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ២០២៤។
ជាការឆ្លើយតប លោក Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះការដឹកនាំកម្ពុជា ក្នុងភាពជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
លោកបានទទួលស្គាល់ចំពោះសំណើសុំចូលជាសមាជិក ហើយប្តេជ្ញាបញ្ជូនសារទៅរដ្ឋាភិបាលចិន ដើម្បីពិចារណា ហើយអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីប្រទេសចិនមិនមែនជាសមាជិកនៃអនុសញ្ញា ប៉ុន្តែចិនជាអ្នកសង្កេតការណ៍ ហើយតែងតែគាំទ្រដល់គោលការណ៍នៃអនុសញ្ញា និងបុព្វហេតុនៃសកម្មភាពមីនសម្រាប់មនុស្សធម៌។ ប្រទេសចិនបានសម្រេចចិត្តមិនចូលរួមអនុសញ្ញានេះនៅឡើយទេ ប៉ុន្តែបានគាំទ្រដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយនឹងបោះឆ្នោតសម្រាប់គាំទ្រសេចក្តីថ្លែងការណ៍នយោបាយនៅទីក្រុងញូវយ៉កនៅឆ្នាំនេះ៕