(ភ្នំពេញ)៖ ទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋចំនួន៥ភូមិ រួមមាន៖ ភូមិក្តីតាកុយ ភូមិវាលស្បូវ ភូមិស្វាយតាអុក ភូមិព្រែកជាងព្រុំ និងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលខណ្ឌសហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងការិយាល័យសុរិយោដីខណ្ឌ បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីទុកពេលឱ្យដែលជាម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក លឹម ពី ប្រធាការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០នាក់។

លោក ចេង មុនីរ៉ា មានមតិទៅកាន់ប្រជាពលរដ្ឋដូច្នេះថា ពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដូច្នេះហើយសូមប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ក្នុងរយៈពេល១៥ថ្ងៃនេះ។ ព្រោះថា ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើនធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់អចលនវត្ថុ ឬការកាន់កាប់ដីធ្លីស្របច្បាប់ គ្មានជនណាមករំលោភបំពានបានឡើយ។ សូមប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារ នៃការវិនិច្ឆ័យដីធ្លី ដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដើម្បីមានលទ្ធភាពឱ្យម្ចាស់ដី និងនាក់ពាក់ព័ន្ធផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយៈពេលកំណត់ នៅការបិទផ្សាយប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

ជាមួយគ្នានេះដែរ លោកអភិបាលបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញបន្តផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានដឹងនិងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានអនុវត្តតាមនីតិវិធីឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនេះ លោកអភិបាលខណ្ឌបានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បើមានផ្ទះជួលសូមកុំឲ្យជួលឱ្យក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូ តាមអនឡាញជាដើម។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺមានន័យថា បានរួមចំណែកជាមួយអាជ្ញាធរក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងមួយផ្នែកទៀត ប្រជាពលរដ្ឋបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យមាននៅក្នុងប្រទេស៕