(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកគោលនយោបាយអាទិភាពគន្លឹះ៥ គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងនោះ កត្តាមនុស្សជាអាទិភាពខ្ពស់បំផុតសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ថ្លែងក្នុងពិធីប្រកាសមុខតំណែងនាយទាហាន និង ពិធីបិទវគ្គគរុកោសល្យយោធាចារ្យ វគ្គបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស និងបើកវគ្គបំប៉នយោធាចារ្យគ្រប់គ្រងវគ្គ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលានាយទាហានសកម្ម ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា មនុស្ស គឺជាកត្តាស្នូល ហើយការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស។
សម្រាប់ការកសាងកងយោធពលខេមរភូមិន្ទ ក៏ត្រូវឈរលើទស្សនៈវិស័យនេះផងដែរ ដោយ«មនុស្សមុន អាវុធយុទ្ធភណ្ឌតាមក្រោយ» ព្រោះគុណភាពមនុស្សត្រូវបានបង្កឡើងដោយច្រើនកត្តា សំខាន់គឺគុណភាពនយោបាយ ស្មារតីស្នេហាជាតិ ការគោរពវិន័យ សមត្ថភាព ឆន្ទៈ និងការប៉ិនប្រសប់ក្នុងការប្រយុទ្ធ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
អគ្គមេបញ្ជាការ បន្តថា គុណភាពមនុស្សកើតមានទៅបាន
អាស្រ័យលើការអប់រំ និងហ្វឹកហ្វឺនប្រកបដោយគុណភាព ក្នុងនោះគ្រូគឺជាសសរស្តម្ភត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថគំរូល្អ មានចំណេះដឹង គរុកោសល្យ បង្រៀន និងផ្តល់បទពិសោធន៍ ខ្លឹមសារឯកសារ ការតាក់តែងសលាកបត្របង្រៀន និងទីកន្លែងទាំងក្នុងថ្នាក់ និងទីលានហ្វឹកហាត់។
លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាលា និងគ្រូ ត្រូវសិក្សារិះរកវិធីសាស្ត្រ បច្ចេកទេសថ្មីៗសម្រាប់បង្ហាត់បង្រៀន និងមានលក្ខណៈយុទ្ធសាស្ត្រស្របតាមបច្ចេកវិជ្ជាយោធាបច្ចុប្បន្ន ដោយធានាទាំងគុណភាព សមត្ថភាពជំនាញ ព្រមទាំងធ្វើការត្រួតពិនិត្យវាយតម្លៃសិក្ខាកាម និងចូលរួមអនុវត្តរាល់ការចាត់តាំងបំពេញបេសកកម្មនានា។
ជាមួយនោះ អគ្គមេបញ្ជាការ ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហានទាំងអស់ ត្រូវចងចាំ បង្កើនស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច និងចាត់វិធានការទាន់ពេលវេលាចំពោះឧបាយកលគ្រប់រូបភាពរបស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការពារឲ្យខាងតែបានសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕