(កំពង់ចាម)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ជូនដល់សាស្ត្រាចារ្យ និងនិស្សិតឆ្នាំសិក្សាមូលដ្ឋាននៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលមានអ្នកចូលរួមចំនួន៣០០នាក់។

លោក ហែម វីរៈ នាយកវិទ្យាស្ថានជាតិ បានស្វាគមន៍របាយការណ៍ទាំងវិស័យសិក្សាធិការ ការសហការជាមួយបណ្តាប្រទេសនានា និងចូលរួមការបង្ការទប់ស្កាត់បញ្ហាផ្សេងៗក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាអាទិភាព។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការសួរសុខទុក្ខ អរគុណ កោតសសើរ ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះការចូលរួមគាំទ្រអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ លើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀននៅគ្រឹះស្ថានឧត្តមសិក្សា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងសាកលលោកមិនមានសញ្ញាថមថយទេ ធ្វើឱ្យកម្ពុជាបន្តរងគ្រោះពីបញ្ហាគ្រឿងញៀន ដែលគ្រប់កាលៈទេសៈឈ្មួញតែងឆ្លៀតឱកាសលបលួចចរាចរជួញដូរគ្រឿងញៀន តាមគ្រប់រូបភាព ប៉ុន្តែត្រូវសមត្ថកិច្ចតែងបង្រ្កាបបានជាបន្តបន្ទាប់។

ជាមួយគ្នា នោះលោកឧត្តមសេនីយ៍ឯក ក៏បានឱ្យអ្នកចូលរួមទាំងអស់ត្រូវយកចំណេះដឹងពីវគ្គផ្សព្វផ្សាយនេះទៅផ្សព្វផ្សាយបន្ត និងជួយផ្សព្វផ្សាយទាញយក App Nodrug៖ https://nodrugsnacd.com/download មកប្រើប្រាស់ទទួលចំណេះដឹង និងរាយការណ៍ករណីគ្រឿងញៀនដើម្បីទទួលបានការឆ្លើយតបដោះស្រាយ និងក្លាយជាអាជ្ញាធរប្រចាំគ្រួសារ។

ក្នុងនាមលោកបណ្ឌិត ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឡោ រស្មី អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះកិច្ចសហការដើម្បីចូលរួមទាំងអស់ ដើម្បីធ្វើឱ្យសម្រេចបាននូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាទុក្ខកង្វល់រួមរបស់ប្រជាពលរដ្ឋ ហើយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនឹងបន្តចូលរួមការងារបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនសំដៅការេពារសុខភាពក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារ និងសង្គម ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញយកកម្មវិធីទូរសព្ទដៃ App NoDrug៕