(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យនៃរដ្ឋសភា បានប្រាប់ Fresh News នៅមុននេះបន្តិចថា រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ ហើយគណបក្សសង្រ្គោះជាតិ ក៏បានផ្តល់ដំណឹងមកឱ្យលោកវិញផងដែរថា ពួកគេនឹងចូលរួម កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ស្អែកនេះ។
លោក ឡេង ប៉េងឡុង បានអះអាងថា «គាត់ (គណបក្សសង្រ្គោះជាតិ) បានប្រាប់ថា គាត់នឹងចូលរួម ប៉ុន្តែយើងមិនដឹងថា គាត់ចូលគ្រប់គ្នាឬអត់នោះទេ គាត់គ្រាន់តែប្រាប់ថាគាត់ចូល ប៉ុន្តែចាំមើលគាត់មកជាក់ស្តែងឬក៏អត់?»។ លោកបានបន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃស្អែកនេះ មានរបៀបវារៈច្រើន ដោយក្នុងនោះមានទាំងសំណើ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលសុំធ្វើវិសោធនកម្មច្បាប់មួយចំនួនផងដែរ។
Fresh News មិនទាន់អាចសុំការបញ្ជាក់បន្ថែមពី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបាននៅឡើយទេ នៅល្ងាចនេះដោយសារតែទូរស័ព្ទ របស់លោក ដែលត្រូវបានខលចូល ហើយមិនមានអ្នកទទួល។ ខណៈដែលមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង និងលោក អ៊ូ ច័ន្ទឫទ្ធិ បដិសេធមិនធ្វើអត្ថាធិប្បាយ។
សូមបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការ លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក។ ប៉ុន្តែអំឡុងពេលគណបក្សទាំងពីរបែរខ្នងដាក់គ្នានេះ បក្សប្រឆាំងក៏ធ្លាប់ចូលរួម ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់បានចូលសួរសុខទុក្ខដល់សកម្មជន និងសមាជិកគណបក្សសង្រ្គោះជាតិ នៅពន្ធនាគារព្រៃស លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កំពុងពិចារណានៅក្នុងការចូលធ្វើការ នៅក្នុងរដ្ឋសភាឡើងវិញ នៅពេលខាងមុខនេះ៕
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា