(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមេធាវីបរទេស ចំនួន ៧០នាក់ មកពីចិន ហុងកុង ថៃ ជប៉ុន និងឥណ្ឌា ចូលរួមប្រកួតវាយសីមិត្តភាពអន្តរជាតិលើកដំបូង នៅកម្ពុជា។ នេះបើតាមសេចប្រកាស របស់គណៈមេធាវីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ការរៀបចំកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវី កម្ពុជាលើកទី៣ និង ប្រកួតវាយសីមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា រវាងកីឡាករគណៈមេធាវីកម្ពុជា និងកីឡាករនៃគណៈមេធាវីបរទេស គឺក្នុងគោលបំណង រឹតបណ្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង៖ ១) ស្ថាប័នគណៈមេធាវីជាតិនិងបរទេស ២) មេធាវីកម្ពុជានិងមេធាវីបរទេស និង ៣) ចូលរួមលើកកម្ពស់សុខុមាលភាពមេធាវីតាមរយៈ កីឡាវាយសី។ កម្មវិធីប្រកួតទាំងពីរនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅ T-Badminton Court ។
ចំពោះកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ មានសហភាតាមេធាវី កម្ពុជា ចំនួន ១៥៨ នាក់ បានចុះឈ្មោះចូលរួមប្រកួត។ ចំណែកកម្មវិធីប្រកួតវាយសីមិត្តភាពអន្តរជាតិ រវាងមេធាវីកម្ពុជានិងមេធាវីបរទេស លើកទី១នេះ មានសហភាតាមេធាវីបរទេសចំនួន ៧០ នាក់ ចូលរួមមកពីប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសជប៉ុន និងប្រទេស ឥណ្ឌា។ គូមិត្តភាពអន្តរជាតិមានចំនួន ៣២ គូ ដែលក្នុងនោះមានសហភាតាមេធាវីបរទេស ២១ គូ និង សហភាតាមេធាវីកម្ពុជា ១១ គូ។
ក្រៅពីការប្រកួតវាយសី ក៏មានការប្រកួតបាល់ទាត់មិត្តភាព រវាងកីឡាករបាល់ទាត់គណៈមេធាវីកម្ពុជា និងកីឡាករបាល់ទាត់គណៈមេធាវីរដ្ឋបុមបេ ទស្សនកិច្ច ទៅសារមន្ទីជាតិ និងរដ្ឋសភាជាតិផងដែរ៕