(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
តាមរយៈសារលិខិត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមនាយឧត្តម សេនីយ៍ ឧបនាយករដ្ឋមន្ត្រី គម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយសមត្ថភាព ការលះបង់ខ្ពស់ និងការទទួលខុសត្រូវខ្ពស់ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា។ ជាពិសេស លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងពង្រឹងខឿនការពារជាតិ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព ទឹកដី សន្តិភាព និងស្ថិរភាពនយោបាយ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំធានារក្សាការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកិត្យានុភាពជាតិល្បីរន្ទឺសុសសាយទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕