(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាអនុប្រធានក្រុមការងារប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មតំណាងឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានសិក្ខាកាមជាស្នងការរង នាយការិយាល័យ និងនាយរងការិយាល័យ មកពីបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន ៤៥រូប។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ប្រទេសកម្ពុជាបានចូលជាសមាជិករបស់ក្រុម ប្រទេសអាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ថា APG) ដែលជាបុត្រសម្ព័ន្ធប្រចាំតំបន់របស់ FATF (ហ្វាត) កាលពីឆ្នាំ២០០៤ ហើយកាលនោះ យើងមិនទាន់មានច្បាប់ប្រឆាំងការសម្អាតប្រាក់នៅឡើយទេ។
បន្ទាប់ពីចូលជាសមាជិក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើន ទាំងក្របខណ្ឌច្បាប់ និងយន្តការថ្នាក់ជាតិ រហូតដល់កម្រិតប្រតិបត្តិការ សំដៅអនុវត្តអនុសាសន៍ចំនួន ៤០របស់ FATF (ហ្វាត)។ ដែលជាកិច្ចឆ្លើយតប យើងបានបង្កើតច្បាប់ប្រឆាំងការសម្អាតប្រាក់ និងបទដ្ឋានពាក់ព័ន្ធជាច្រើន។
លោកឧត្តមសេនីយ៍ឯកបន្តថា រហូតមកដល់ បច្ចុប្បន្នប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងបញ្ជីប្រផេះចំនួន០២លើករួចមកហើយ ដែលលើកទី១ គឺនៅឆ្នាំ២០១១ និងបានចេញពីបញ្ជីប្រផេះវិញកាលពីឆ្នាំ២០១៥ និងលើកទី២ កាលពីឆ្នាំ២០១៩ និងបានចេញពីបញ្ជីប្រផេះវិញ កាលពីឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯកបន្តថា បន្ទាប់ពីចេញពីបញ្ជីប្រផេះ កាលពីឆ្នាំ២០២៣ ក្រុមការងាប្រឆាំងការសម្អាតប្រាក់ ថ្មីៗនេះកំពុងតែវាយតម្លៃបទល្មើសហានិភ័យជាតិ ដែលក្នុងនោះរួមមាន បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសជួញដូរមនុស្ស និងបទល្មើសឆបោកជាដើម ដើម្បីយកជាអទិភាព ក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។ ដើម្បីធានាប្រសិទ្ធភាព ប្រសិទ្ធផល ការស្រាវជ្រាវស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនលើករួចមកហើយ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើការងារប្រឆាំងការសម្អាតប្រាក់នេះ។
លោកបន្តថា វគ្គបំប៉នលើកនេះ គឺខុសប្លែកពីវគ្គមុនៗ ដែលបានរៀបចំឡើង ដោយវគ្គនេះយើង និងធ្វើការជ្រើសរើស អ្នកដែលទទួលបានពិន្ទុខ្ពស់ ដើម្បីធ្វើជាជនបង្គោល លើការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ជនបង្គោល ដែលត្រូវបានជ្រើសតាំង ត្រូវជួយបង្ហាត់បង្រៀនដល់មន្ត្រី ដែលនៅក្នុងអង្គភាពរបស់ខ្លួនឲ្យបានយល់ដឹងអំពីការងារសម្អាតប្រាក់នេះ៕