(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកស្រី ង្វៀង ធីគីមង៉ាន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។ លោកស្រី ង្វៀង ធីគីមង៉ាន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាពជាមួយកម្ពុជា។
តាមគម្រោងលោកស្រី នឹងមានជំនួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅម៉ោង៥៖០០នាទីល្ងាច។ ក្រៅពីជួបសម្តេច ហេង សំរិន លោកស្រីប្រធាន រដ្ឋសភាវៀតណាម ដែលទើបនឹងឡើងកាន់តំណែង នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ និង ចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។
គួរបញ្ជាក់ថា លោកស្រី NGUYEN THI KIM NGAN ជាប្រធានរដ្ឋសភាថ្មីរបស់វៀតណាម ដែលទើបបានឡើងកាន់តំណែង កាលពីខែកក្កដា ឆ្នាំ២០១៦ ដើម្បីជំនួសលោក ង្វៀន ស៊ីញហុង ដែលផុតអាណត្តិ៕