(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ត្រូវបានចូលរួមគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់​ពីសំណាក់ប្រជាពលរដ្ឋ​ទាំងក្នុងប្រទេស និងក្រៅប្រទេស និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផ្សេងៗទៀត របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែរីកចម្រើន។

លោក គីម រិទ្ធី បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់អង្គការសម្រេចសុបិន្តកុមារ។

នៅក្នុងឱកាសនេះដែរលោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរឃុំមរកត ដែលបានខិតខំប្រឹងប្រែងក្នុងការកៀរគររកប្រភពថវិកានានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះ កសាង និងអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកក៏ថ្លែងនូវការអរគុណយ៉ាងជ្រៀលជ្រៅដល់លោក ម៉ាក ថូម៉ាសជេននី ស្ថាបនិកសមាគមសម្រេចសុបិន្តកុមារ លោក រ៉ូស៊ី និងហ្វាបៀនបែតឡាវៃឡា ម្ចាស់ខ្ទង់ប្រាក់ លោក អាឡែនសាន់ត្រា ឡេឌី ម្ចាស់ខ្ទង់ប្រាក់ លោក ឃ្លោក យ៉ែម ប្រធានអង្គការ និងលោក ម៉ី ស៊ីនឿយ ប្រធានគម្រោងអង្គការសម្រេចសុបិន្តកុមារកម្ពុជា ដែលបានបរិច្ចាគថវិកា និងខិតខំកៀរគររកប្រភពថវិកាពីសប្បុរសជននានា ជួយសាងសង់អគារសិក្សា បង្គន់អនាម័យ ខ្លោងទ្វារ ដង់ទង់ជាតិ ភ្ជាប់ប្រព័ន្ធភ្លើងអគ្គិសនី និងសមិទ្ទិផលមួយចំនួនទៀត សម្រាប់សាលាបឋមសិក្សានៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក គីម រិទ្ធី ក៏បានថ្លែងប្រាប់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ពីសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងចំណោមសមិទ្ធិផលជាច្រើនដែលបានដាក់ចេញដោយរាជរដ្ឋាភិ​បាលនីតិកាលទី៧ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលខេត្តព្រះវិហារថ្លែងបញ្ជាក់ទៀតថា សមិទ្ធិផលធំៗជាប្រវត្តិសាស្ត្ររួមមាន ព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ការដាក់ចេញនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលគម្រោងនេះត្រូវបានចូលរួមគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស។

លោក គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ កងកម្លាំងអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ សូមបន្តកិច្ចសហការឱ្យបានជិតស្និទ្ធ ក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានា ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីប្រភពស្របច្បាប់នានា ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ ជាពិសេសគឺការអប់រំនៅកម្រិតមូលដ្ឋាន៕