(កំពង់ចាម)៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី ជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤នេះ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ១០ គ្រួសារ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះដែរលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរ បារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល »។

សូមបញ្ជាក់ថា ក្រុមការងារសាខាកាកបាទក្រហមខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ខ្នងផ្ទះគ្រួសារប្រជាពលរដ្ឋ ដែលមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតក្នុងឃុំពង្រ ឃុំមហាលាភ និងឃុំល្វេ ស្រុកកោះសូទិន៕