(សៀមរាប)៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប និងអាជ្ញាធរស្រុកពួក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយពីកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំង១២ភូមិ ក្មុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ស្ថិតនៅបរិវេណវត្តបល្ល័ង្ករង្សី (ហៅវត្តព្រៃជ្រូក)។
លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត បានលើកឡើងពីគោលបំណង ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត និងអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធផងដែរ។
លោកបន្តថា ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានសម្រេចប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរួចបានចំនួន ៥៤០ភូមិ លើក្រុង/ស្រុកចំនួន ១៣។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។
លោកក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រូវត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណ ក្បាលដី ដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឱ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់។
លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានលើកដែរថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា។ ការចុះបញ្ជីដីធ្លី ដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី បច្ចេកវិទ្យាទំនើប មានតម្លាភាព ការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿនផងដែរ។
លោក ស៊ីន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានមកចូលទាំងអស់រួមទាំងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋជាម្ចាស់ដី ដែលពុំបានចូលរួមឲ្យបានដឹង និងចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធមួយចំនួនឲ្យបានគ្រប់ៗគ្នាផងដែរ៕