(ភ្នំពេញ)៖ រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូនេស៊ី បានផ្តល់ជំនួយយោធាដល់កម្ពុជា ក្នុងនោះរួមមានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់៥០០,០០០ដុល្លារ។

ជំនួយនេះត្រូវបានប្រគល់ដោយ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោកបណ្ឌិត Santo Darmosumarto និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក នៅឯពិធីមួយរៀបចំឡើងនៅឯព្រលានយន្តហោះយោធា រាជធានីភ្នំពេញ។

ជំនួយយោធាដល់កម្ពុជា រួមមាន៖ ១៖ អាវុធវែង SS2-V5 A1 Rifie ចំនួន១៥០ដើម, ២៖ អាវុធខ្លី G2 Elite Pistol ចំនួន២០ដើម, ៣៖ គ្រាប់ទំហំ 5,56x45mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់ M16), ៤៖ គ្រាប់ទំហំ 9x19mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់អាវុធខ្លី)។

លោក Santo បានលើកឡើងបន្ថែមថា៖ «ខ្ញុំពិតជាមានសោមនស្សរីករាយ ដែលបានឃើញទំនាក់ទំនងដ៏រឹងមាំបែបនេះ បានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់យ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី របស់យើងក្នុងវិស័យនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមានកិត្តិយសដែលបានធ្វើរឿងនេះចំ ពេលដែលយើងកំពុងប្រារព្ធខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរបស់យើង»

«ព្រឹត្តិការណ៍នៅថ្ងៃនេះបានបង្ហាញពីទំនាក់ទំនងយូរអង្វែងរវាងយោធារវាង ឥណ្ឌូណេស៊ី និងកម្ពុជា»។

លោក Santo ក៏បានសម្តែងក្តីសង្ឃឹមដែរថាការបន្តការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខទ្វេភាគីនឹងរួមចំណែកជាវិជ្ជមានមិនត្រឹមតែ ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីតំបន់ទាំងមូលផងដែរ។

លោកបានបន្តទៀតថា៖ «នៅក្នុងបរិយាកាសសន្តិសុខសកល ដែលមិនអាចព្យាករ រឹតតែខ្លាំងឡើង វាគឺជារឿងដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី និងកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងសមាជិកអាស៊ាន ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពយោធារបស់គ្នាទៅវិញទៅមក»។

ជំនួយដែលផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ត្រូវបានផលិតដោយក្រុមហ៊ុនផលិតបរិក្ខារ យោធារបស់ឥណ្ឌូណេស៊ី មានឈ្មោះ PT. PINDAD។ វាបង្ហាញពីសក្ដានុពលឧស្សាហកម្ម យោធារបស់ឥណ្ឌូនេស៊ី និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងឥណ្ឌូណេស៊ី-កម្ពុជា ដែលក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលត្រូវបានឃើញថា បានកសាងសមត្ថភាពជាច្រើន និងការផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងឥណ្ឌូណេស៊ី និងកម្ពុជា ត្រូវបានផ្តួចផ្តើមឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងត្រូវបានពង្រឹងបន្ថែមក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឥណ្ឌូណេស៊ីបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ៣៩០០នាក់ ចូលរួមក្នុងបេសកកម្មអ៊ុនតាក់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣។ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ទំនាក់ទំនងរវាងកងកម្លាំងរក្សាសន្តិភាពឥណ្ឌូណេស៊ី និងសហគមន៍មូលដ្ឋាន បានធ្វើឱ្យ ទំនាក់ទំនងនៃប្រទេសទាំង២ មានភាពរឹងមាំឡើងវិញ ក្រោយភាពចលាចលជាច្រើនឆ្នាំក្នុងអំឡុងសង្គ្រាមត្រជាក់។

យោធាឥណ្ឌូណេស៊ីតែងតែផ្តល់ការហ្វឹកហ្វឺនដល់អង្គភាពផ្សេងៗនៃកងយោធពលខេមរភូមិន្ទ រួមទាំងកងបញ្ជាការពិសេស (កងពលតូចលេខ៩១១) និងទីបញ្ជាការកងអង្គរក្ស។ កិច្ចសហប្រតិបត្តិការបែបនេះក៏ត្រូវបានគូសបញ្ជាក់ផងដែរ ដោយការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់យោធានៃប្រទេសទាំងពីរ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា តាងនាមឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងខ្លួន ឯកឧត្តម សូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពឥណ្ឌូណេស៊ី ដែលបានផ្តល់ជំនួយយោធាឥតសំណង មានដូចជាអាវុធវែង-ខ្លី និងគ្រាប់ធុន ស្រាល ដល់បញ្ហាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ឆ្លើយតបតាមតម្រូវការ ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាព គុណភាពកងទ័ព ក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ។

នាយឧត្តមសេនីយ៍ បានថ្លែងជូនពរឲ្យកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេស ប្រជាជន និងកងទ័ពយើងទាំងពីរ បានស្ថិតស្ថេររឹងមាំជានិច្ចនិរន្តរ៍ និងសូមជូនពរ ឯកឧត្តមអគ្គរដ្ឋទូត និងគណៈប្រតិភូ សូមមាន សុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕