(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនឡើងដល់ជាង២៥ម៉ឺននាក់ហើយ ក្នុងនោះគ្រាន់តែរយៈពេលមួយថ្ងៃនេះ (ថ្ងៃទី៤) មានប្រជាពលរដ្ឋជាង៧ម៉ឺននាក់បានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ខណៈថវិកាសរុបបានកើនឡើងដល់ជាង១១លានដុល្លារ។

នេះបើតាមតួលេខដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ថវិកា និងចំនួនសប្បុរសជន បានកើនឡើងយ៉ាងខ្លាំង នឹងនៅមានជាបន្តបន្ទាប់ទៀត។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។

សូមជំរាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕