(ស្ទឹងត្រែង)៖ នៅក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស)និង លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង អង្គការសង្គមស៊ីវិលក្នុងខេត្តស្ទឹងត្រែង បានសម្តែងការគាំទ្រ និងសាទរចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ មក បានប្រែមុខមាត់ថ្មីដល់ខេត្តស្ទឹងត្រែងឱ្យមានការរីកចម្រើនគ្រប់វិស័យ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រព័ន្ធ ទឹក ភ្លើង ផ្លូវ ស្ពាន ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិរក្សបរិស្ថាន ការអប់រំ សុខាភិបាល ការកសាងទីលានស្តុកសំរាម ប្រព័ន្ធចម្រោះទឹក ការជួយទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ និងជួយកែលម្អជីវភាពប្រជាពលរដ្ឋ។ អង្គការសង្គមស៊ីវិលទាំងអស់បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងកំឡុងពេលកំពុងអនុវត្តកិច្ចសហប្រតិបត្តិការនេះ ពុំមានបាត់បង់ទឹកដី ឬអធិបតេយ្យភាព ដូចការលើកឡើងរបស់មជ្ឈដ្ឋានអគតិមួយចំនួនក្នុងគោលបំណងញុះញង់មួលបង្កាច់ការពិត ដោយមិនស្គាល់សភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាននោះឡើយ ។ អង្គការសង្គមស៊ីវិលក្នុងខេត្តស្ទឹងត្រែង ក៏បានប្រកាសគាំទ្រ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែតក្នុងការផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្តនៅតាមបណ្តោយព្រំដែន ហើយនឹងចូលរួមផ្សព្វផ្សាយបន្តតាមបណ្តាញសង្គមនានា ដោយពន្យល់ណែនាំដល់ ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់ខ្លួនឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ខ្ពស់ដល់សង្គមស៊ីវិលជាដៃគូដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។
វ.ស.ស.តែងរៀបចំវេទិកាសន្ទនានេះជារៀងរាល់ឆ្នាំ ក្នុងបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅតាមមូលដ្ឋានរបស់ខ្លួននិងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការសង្គមស៊ីវិលប្រចាំខេត្តផងដែរ។ ដោយឡែកនៅឆ្នាំ២០២៤នេះ វ.ស.ស.បានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ។
ជាកិច្ចបញ្ចប់ លោកប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ហើយក៏បានក្រើនរំលឹកដល់ អង្គការសង្គមស៊ីវិលទាំងអស់ ឱ្យបានយល់ជ្រួតជ្រាបអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕