(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា «ក្រមសីលធម៌ អ្នកសិល្បៈ គឺជាត្រីវិស័យមួយ ដ៏សំខាន់បំផុតសម្រាប់សិល្បករ-សិល្បការិនីគ្រប់រូប ត្រូវតែប្រតិបត្តិ និងអនុវត្តន៍តាម»។ ការថ្លែងបែបនេះធ្វើឡើង នៅក្នុងសិក្ខាសាលាស្ដីពី ពិគ្រោះយោបល់បំពេញបន្ថែម សេចក្ដីព្រាងច្បាប់ «ក្រមសីលធម៌អ្នកសិល្បៈ» នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលធ្វើឡើងក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួម ពីសំណាក់សិល្បករ សិល្បការនី អ្នកនិពន្ធ មន្ត្រីក្រសួង និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកស្រី ភឿង សកុណា បានថ្លែងបន្តថា «ក្រមសីលធម៌អ្នកសិល្បៈ គឺជាត្រីវិស័យសម្រាប់ឲ្យអ្នកសិល្បៈ គ្រប់រូបគោរពប្រតិបត្តិ ហើយសម្រាប់សិក្ខាសាលានេះ យើងមានអង្គភាពពាក់ព័ន្ធ ជួយជម្រុញឲ្យសិល្បករ-សិល្បការិនី ដើម្បីឲ្យពួកគាត់ស្គាល់អត្តសញ្ញាណជាតិ ដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ សម្រាប់សិក្ខាសាសាថ្ងៃនេះ ព្រោះថ្ងៃមុនពួកយើងបានធ្វើការ ជជែកគ្នាហូរហែ រកដំណោះស្រាយ ដើម្បីឲ្យអង្គសិក្ខាសាលាទាំងមូល មានពេលពិនិត្យ ពិភាក្សា ជជែកគ្នា ស្វែងរកនូវគោលដៅដើម្បីទប់ស្កាត់នូវផល ប៉ះពាល់នានា ដែលមានលក្ខណៈអវិជ្ជមាន ចំពោះអ្នកសិល្បៈ របស់យើង»។
ដោយឡែក លោក ដួង សុគា ជាសិល្បករមួយរូបមានឈ្មោះល្បី នៅកម្ពុជាបានថ្លែងថា «ខ្ញុំគិតថា មានប្រយោជន៍ណាស់ដែលយើងបង្កើត ក្រមសីលធម៌អ្នកសិល្បៈនេះឡើង ព្រោះនេះ គឺជាកញ្ចុក់ឆ្លុះបញ្ចាំងមួយ ជាភ្លើងសម្រាប់បំភ្លឺផ្លូវ ដើម្បីឲ្យអ្នកសិល្បៈដើរ និងឲ្យដឹងថា កន្លែងណាគួរដើរ កន្លែងណាមិនគួរដើរ»។
លោកបានបន្ដទៀតថា ក្រមសីលធម៌អ្នកសិល្បៈមានប្រយោជន៍ និងផលចំណេញ គឺសេចក្ដីថ្លៃថ្នូរ និងឲ្យវិជ្ជាជីវៈអ្នកសិល្បៈ បន្ដដំណើរការ ទៅមុខ ព្រោះវិជ្ជាជីវៈអ្វីក៏ដោយ ក៏សុទ្ធតែមានក្រមសីលធម៌ កាលណាយើងគោរពបាន ក្រមសីលធម៌វីជ្ជាជីវៈ នោះគឺមិនបណ្ដាលឲ្យ ធ្លាក់ចុះ ឬប្រាសចាក ពីភាពថ្លៃថ្នូនោះឡើយ។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ ការថែរក្សា ការពារសិល្បៈ វប្បធម៌ ទំនៀមទំម្លាប់ ប្រពៃណី និងអត្តសញ្ញាជាតិឲ្យបានគង់វង្ស ដើម្បីថែរក្សាកិត្សានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ទប់ស្កាត់ផលប៉ះពាល់ ដែលមានលក្ខណៈអវិជ្ជមាន ចំពោះសិល្បៈប្រពៃណីជាតិខ្មែរ។ ជាពិសេសអ្នកសិល្បៈទាំងអស់ ត្រូវតែគោរពឲ្យបានខ្ជាប់ខ្លួន និងតាមកាលៈទេសៈ ដើម្បីឲ្យទស្សនិកជន ក៏ដូចជាមហាជនទាំងមូល ទទួលយកបាន៕