(ភ្នំពេញ)៖ ផែនការទុច្ចរិតរបស់ទណ្ឌិត សម រង្សី ដែលព្យាយាមញុះញង់ឱ្យពលរដ្ឋផ្ទុះកំហឹងតាមរយៈការបង្កើតនូវព័ត៌មានមិនពិតលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ នៅទីបំផុតបានជំរុញ ឱ្យខ្មែរកាន់តែរួបរួមគ្នា។ ប៉ុន្មានថ្ងៃមកនេះ ខណៈមហាចលនាជាតិខ្មែរ ដែលរួមកិច្ចសហការជាមួយរាជរដ្ឋាភិបាល បានបកអាក្រាត និងថ្កោលទោស នូវល្បិចកលលាបពណ៌ ចោទប្រកាន់ថាគំរោងអភិវឌ្ឍន៍ តំបន់ត្រីកោណ បានធ្វើឱ្យបាត់បង់ទឹកដីខេត្តខ្មែរទាំងបួននោះមក សម រង្ស៊ី បានបំបែរមុខព្រួញចោទថា រាជរដ្ឋាភិបាល អស់លុយធ្វើផ្លូវ ដោយសារតែចំណាយលុយជាតិរយលាន ដុល្លារ Free នៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ប៉ុន្តែនៅពេលដែលទណ្ឌិតរូបនេះ កាន់តែបង្កើនលើការប្រឌិតព័ត៌មានមិនពិតទាំងនេះពលរដ្ឋខ្មែរ ដែលជាសាក្សីជាក់ស្តែងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គឺព័ត៌មានក្លែងក្លាយទាំងនោះហើយ បានជួយជំរុញឱ្យពលរដ្ឋកាន់តែឃើញជាក់ស្តែងនូវទង្វើក្បត់ជាតិ និងក្បត់ប្រជាជន ដោយសារតែគេបានឃើញថាសម្តីចោទប្រកាន់ទាំងនោះ ខុសពីការពិតទាំងស្រុង។
ប្រធានបណ្តុំអង្គការសមាគមស៊ីវិល លោក ហេង សំណាង បានថ្លែងប្រាប់ Fresh News នៅ ថ្ងៃទី២៩សីហា ក្នុងសម្តីបញ្ជាក់យ៉ាងនេះ ៖
«ប៉ុន្តែនៅក្នុងន័យនយោបាយ ខ្ញុំចង់ឆ្លើយតបវិញថា ចំពោះគម្រោងរបស់ក្រុមជ្រុលនិយម ខ្ញុំគិតថាមិនដែលបានប្រយោជន៍ដល់សង្គមជាតិឡើយ ប៉ុន្តែអ្វីដែលគាត់កំពុងតែធ្វើនេះហាក់បីដូចជាចូលរួមច្រានចលនាមួយឱ្យប្រជាពលរដ្ឋគេបានដឹងក្រយ៉ៅរបស់គាត់កាន់តែអាក្រក់ទៅៗ នូវនយោបាយខ្មៅកខ្វក់។ ហេតុអ្វីបានជាយើងនិយាយអញ្ចឹងគឺគាត់តែងតែបង្កើតនិងប្រឌិតព័ត៌មានម្តងហើយម្តងទៀត ក្រឡៃការពិត មូលបង្កាច់ ជាពិសេសគឺចោទប្រកាន់ទៅដល់ឥស្សរជនឬរាជរដ្ឋាភិបាលនីតិកាលទី៧តែម្តង។ អញ្ចឹងអ្នកណាចូលរួមឆ្លើយតប គឺមហាជន។
ឥឡូវគេចូលរួមឆ្លើយតបគ្រប់គ្នាហើយ ហើយអ្វីដែលយើងផ្តោតនោះ គឺអស់ពីរឿងមួយទៅរឿងមួយ សូម្បីតែគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមហាសាលនោះក៏គេរិះរកវិធីសាស្រ្តក្នុងការជាន់ពន្លិច។ នៅក្នុងការប្រកួតកីឡា ការបើកស៊ីហ្គេម ប៉ារ៉ាហ្គេមក្តី គឺពួកគាត់តែងតែរកវិធីសាស្រ្តក្នុងការជាន់ពន្លិចតែម្តង ទន្ទឹមនឹងប្រទេសកម្ពុជា កំពុងតែទទួលបាននូវមុខមាត់នៅលើឆាកអន្តរជាតិ និងជាតិផុសផុល គឺគាត់អត់បានចូលរួមសាទរទេ ត្រឡប់ទៅវិញគឺគាត់បានចូលរួមរុញច្រានដល់សកម្មជនរបស់គាត់ ឬគេហៅថាអ្នកគាំទ្ររបស់គាត់ឱ្យមើលមកប្រទេសកម្ពុជានៅក្នុងន័យអវិជ្ជមាន និងខ្មៅកខ្វក់ ទន្ទឹមនឹងដែលយើងដឹងថាវាគឺជាមោទនភាពជាតិ។
រឿងអ្វី គាត់ចេះតែប្រឌិតរឿងអញ្ចឹង យើងចង់វិភាគយ៉ាងខ្លីថា នៅពេលណាដែលគាត់កាន់តែវាយតម្លៃរាជរដ្ឋាភិបាល វាស្មើនឹងជាន់ពន្លិចជាតិខ្លួនឯង និងប្រជាជនកម្ពុជាយើងទាំងមូលខ្មែរយើងទាំងអស់ ដោយសារអ្វីគេធ្វើ ដើម្បីប្រទេសជាតិហើយគាត់ធ្វើដើម្បីមហិច្ឆតារបស់គាត់តែម្នាក់ឯងហ្នឹង។ អ្វីក៏គាត់មិនទទួលស្គាល់ៗ ចូលមកដល់ស៊ីអិលវីគាត់បំផុស ប៉ុន្តែក៏ខ្ញុំចង់រំលេចឱ្យច្រើនបន្តិច សូម្បីតែស៊ីអិលវីក៏ដោយ គម្រោងការណ៍គេគឺឆ្នាំមួយពាន់ប្រាំបួនរយកៅសិបប្រាំបួន គឺក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បើចេះបាត់ទឹកដី បាត់យូរហើយអ្នកណាក៏ដឹងដែរចម្លើយហ្នឹង តែយើងអរគុណគេទៅវិញទេ អរគុណត្រង់យ៉ាងម៉េច បើកុំតែគេដាស់ទេ គឺប្រជាពលរដ្ឋចលនាមហាជន អត់បានងើបមកដល់បច្ចុប្បន្ននេះទេ។
យើងគិតពីចំណុចវិជ្ជមាន អ្នកឯងកាន់តែជាន់ អ្នកឯងកាន់តែមើលងាយជាតិសាសន៍ខ្មែរខ្លួនឯង គឺប្រជាពលរដ្ឋពិតណាស់ នឹងចូលរួមកាន់តែច្រើនដើម្បីឆ្លើយតបគ្រប់សកម្មភាពគ្រប់ទម្រង់ ទៅដល់ក្រុមជ្រុលនិយមជាពិសេសនោះ គឺទណ្ឌិតក្បត់ជាតិបីជំនាន់នោះតែម្តង ដែលយើងត្រូវតែយល់ថា បើលោកកាន់តែបំផុសព័ត៌មានប្រឌិតការពិត គឺមហាជននាំគ្នាកំចាត់ទៅវិញ។ អញ្ចឹងចលនានេះ គឺជាចលនាផុសផុលណាស់ដែលជាមេរៀនមួយថា អ្នកបញ្ឍប់បាន គឺបញ្ឍប់(ទៅ) អ្នកកាន់តែនិយាយច្រើន (អ្នក) កាន់តែបាត់តម្លៃ»។
រយៈពេលបីថ្ងៃរួចមកនេះ ឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលដោយអនុញ្ញាត ឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាកថវិកា ជួយកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេសការផ្តោតលើផ្លូវតាមខ្សែក្រវាត់ព្រំដែនរបស់ប្រទេសកម្ពុជានោះ ទណ្ឌិត សម រង្ស៊ី បែរជាចោទថា កម្ពុជាអត់មានលុយធ្វើផ្លូវ និងបានប្រើពាក្យថារាជរដ្ឋាភិបាល «រៃអង្គាស» លុយពីប្រជាជន។ បណ្តាញឃោសនាដែលមានទំនោរចំពោះក្រុមជ្រុលនិយម បានបង្កើន ការបំពងការនិយាយខុសពីការពិតនៃពាក្យ «រៃអង្គាស» នោះថែមទៀតខណៈរាជរដ្ឋាភិបាលបានប្រើពាក្យបរិច្ចាគ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ការ ខុសគ្នារវាងពាក្យ«រៃអង្គាស» និងពាក្យ «បរិច្ចាគ»៖
«មែនទែនទៅការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរាជរដ្ឋាភិបាលបង្កើតឡើងនេះគឺ មិនមែនជាការរៃអង្គាសលុយ ពីបងប្អូនប្រជាពលរដ្ឋទេ គឺបើកាលណាយើងនិយាយពីការរៃអង្គាស គឺមានន័យថា យើងបង្ខំឱ្យប្រជាពលរដ្ឋគ្រប់គ្នា ត្រូវតែបង់នូវទឹកប្រាក់ចំនួនកំណត់ណាមួយ។ បែបហ្នឹង គេហៅថាការរៃអង្គាស ប៉ុន្តែតាមរយ:មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមព្រំដែននេះ គឺបងប្អូនប្រជាពលរដ្ឋរបស់យើង គ្រប់ស្រទាប់វណ្ណ:គ្រប់និន្ទាការ នយោបាយ លោកអាចបរិច្ចាគ គឺមានន័យថាលោកអាចលះបង់ទឹកប្រាក់ ឬ ចំណាយធនធានដើម្បីជាប្រយោជន៍ស្រុកទេសយើង ប្រយោជន៍ទឹកដីព្រៃភ្នំព្រំដែនរបស់យើង តាមទឹកចិត្តតាមសទ្ធា និងតាមលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលលោកមិនមានការបង្ខិតបង្ខំទេ ។
ហៅថាការបរិច្ចាគនោះ គឺមិនមានការបង្ខិតបង្ខំទេ។ យើងមានតិចចូលរួមតិច ឬ ក៏បើមិនមានមិនចូលរួមក៏បានដែរ គឺតាមលទ្ធភាពតាមសទ្ធា តាមសេចក្តីជ្រះថ្លាដែលបងប្អូនប្រជាពលរដ្ឋទាំងអស់លោកអាចធ្វើដើម្បីជាប្រយោជន៍ក្នុងស្រុក ប្រយោជន៍ក្នុងប្រទេសជាតិរបស់យើង សូមមេត្តាកុំច្រឡំគ្នា កុំប្រើប្រាស់ដោយច្រឡំឬបន្លំពាក្យរៃអង្គាសនិងពាក្យបរិច្ចាកនេះដែលនាំឲ្យមានការយល់ច្រឡំ ឬក៏បកស្រាយក្នុងន័យអវិជ្ជាមានណាមួយចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់រាជរដ្ឋាភិបាល»។
យោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក គិតត្រឹមរយៈពេល៧២ម៉ោង បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីថ្ងៃទី២៦ ខែសីហានោះមក ចំនួនមនុស្ស ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមានជិត ២០ម៉ឺននាក់ ជាមួយនឹងទឹកប្រាក់សរុបជាង ១១លានដុល្លារ ដែលក្នុងនោះរួមមានទឹកប្រាក់បរិច្ចាគចាប់ពី១ពាន់រៀល, ២ពាន់រៀល ឬ ៥ពាន់រៀល, ខ្លះជាប្រាក់ដុល្លារ តាំងពី១ដុល្លារ, ៥ដុល្លារ, រហូតដល់លានដុល្លារ។ ទឹកប្រាក់បរិច្ចាគ ដែលចូលរួមពីប្រជាពលរដ្ឋខ្មែរ នឹងរំពឹង កើនឡើងជាច្រើនថែមទៀត។
ពលរដ្ឋខ្មែរបានថ្លែងថា គេមានមោទនភាពណាស់ដែលបានធ្វើកិច្ចការនេះ រួមគ្នាជាមួយរាជរដ្ឋាភិបាល។ លោក មិន កង ដែលជាអាជីវករម្នាក់ ក្នុងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវដល់ពលរដ្ឋខ្មែរ មិនត្រូវចាញ់បោកឧបាយកលរបស់ក្រុមជ្រុលនិយមរស់នៅក្រៅប្រទេសនោះឡើយ៖
«ហើយសូមសុំណូមពរដល់ប្រជាជនខ្មែរយើង កុំជឿតាមការញុះញង់របស់បុគ្គលមួយចំនួន ដែលតែងតែផ្តល់ព័ត៌មានក្លែងក្លាយ ផ្តល់ព័ត៌មានមិនពិត ឱ្យប្រឆាំងខុសនិន្នាការនយោបាយ នាំឱ្យខូចផលប្រយោជន៍ខ្លួនឯង ក៏ដូចជាសង្គមគ្រួសារដូចជាការរកស៊ីផ្សេងៗ ខាតពេលវេលា។ សម្រាប់ខ្ញុំផ្ទាល់ វាដូចស៊ាំហើយ សម្រាប់ក្រុមប្រឆាំងមួយចំនួនតូចនេះ ដែលថ្នាក់ដឹកនាំកំពុងតែខិតខំអភិវឌ្ឍន៍ កំពុងតែខិតខំដើម្បីខ្មែរយើងទាំងអស់គ្នា តែសម្រាប់ពួកប្រឆាំងមួយចំនួនតូចនេះដែលគាត់ថា ថ្នាក់ដឹកនាំធ្វើអីក៏ចេះតែខុស ធ្វើអីទៅដើម្បីតែផលប្រយោជន៍គេ ខ្ញុំមិនគាំទ្រ ជាមួយការប្រឆាំងបែបនេះទេ។
ការពិតទៅថ្នាក់ដឹកនាំ គាត់បានខិតខំអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីធ្វើព្រែកជីកហ្វូណន នេះមួយឱ្យបានជោគជ័យ ដើម្បីបង្ករបង្កើនសេដ្ឋកិច្ចក៏ដូចជាធ្វើពាណិជ្ចកម្មជាមួយអន្តរជាតិដែរ ។ ចឹងខ្ញុំសូមផ្តាំទៅខាងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយចំនួនតូចនេះ សូមឱ្យឈប់ប្រឌិតព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់លក្ខណៈជាន់ឈ្លីប្រទេសខ្មែរខ្លួនឯង ដែលធ្វើឲ្យខ្មែរយើងបាត់បង់នូវកិត្តិយស កេរ្តិ៍ឈ្មោះ ក្នុងនាមជាម្ចាស់ផ្ទះ។ ចឹងសូមឲ្យឈប់ជាបន្ទាន់ ឈប់នូវការញុះញង់ ហើយនិងបំផ្លើសព័ត៌មានទាំងអស់នេះ។ ថ្នាក់ដឹកនាំគាត់ខំណាស់ ខំដើម្បីប្រជាជនខ្មែរនិងប្រទេសជាតិ»។
អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធម្នាក់ទៀត ឈ្មោះ អ៊ឹម វុត្ថា បានប្រាប់ Fresh News នៅ ថ្ងៃទី២៩ ខែសីហា នូវការគាំទ្ររបស់លោក និងមិត្តភក្តិនានា ចំពោះការចូលរួមបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេសការផ្តោតលើផ្លូវតាមខ្សែក្រវាត់ព្រំដែនរបស់ប្រទេសកម្ពុជា និងបានសម្តែងមោទនភាពចំពោះការគិតគូររបស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧ ដែលបានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ខេត្តខ្មែរក្នុងតំបន់ត្រីកោណកម្ពុជា វៀតណាម ឡាវ ដែលមានរយៈពេល២៥ឆ្នាំរួចមកហើយនេះ។
ពលរដ្ឋខ្មែរម្នាក់នេះ នៅបាននិយាយថ្កោលទោសដល់ក្រុមជ្រុលនិយម ដែលនិយាយព័ត៌មានមិនពិតមួលបង្កាច់ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ខេត្តខ្មែរទាំងបួននា ភាគឥសានប្រទេស៖
«បាទ នេះគឺជាការចោទប្រកាន់របស់ពួកនិយមជ្រុល ដែលនិយាយបំភ្លើសការពិតនិងញុះញង់ប្រជាជនយើង ឲ្យចោទថារដ្ឋាភិបាលយើងហ្នឹងក្ស័យធន រៃអង្គាសលុយជាមួយនឹងប្រជាជន ប្រជាពលរដ្ឋយើង។ ចឹងខ្ញុំគិតថាពាក្យសម្តីនេះវាមិនសមជាអ្នកនេះទេ យើងគប្បីតែអរគុណប្រមុខរដ្ឋាភិបាលយើង ដែលខិតខំប្រឹងប្រែងគ្រប់ពេលវេលារដើម្បីអភិវឌ្ឍប្រទេសជាតិយើង។ ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋ យើងត្រូវតែគាំទ្រអបអរសាទរ ចំពោះអនុសាសន៍និងគំនិតដ៏ថ្លៃថ្លារបស់ប្រមុខថ្នាក់ដឹកនាំ ជាពិសេសអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកបានប្រឹងប្រែងខិតខំ និងកៀរគរ ដើម្បីរកមូលនិធិនេះ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំត្រេកអរ សប្បាយចិត្តណាស់ ក្នុងការចូលរួម ហើយផ្តល់នូវមូលនិធិសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវព្រំដែនកម្ពុជាយើង ដែលហៅថា CLV នេះ»។
ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេសផ្លូវតាមខ្សែក្រវាត់ព្រំដែន គឺជាកិច្ចការមួយដ៏សំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ ការកសាងខ្សែក្រវាត់តាមបណ្តោយព្រំដែនរវាងកម្ពុជា វៀតណាម គិតរវាងពីឆ្នាំ២០១៧ មកដល់២០២២ គឺមានការកសាងផ្លូវប្រវែង ៦៨៥.៩៦គីឡូម៉ែត្រ លើផែនការសរុប ស១,០៦៩គីឡូម៉ែត្រ ការកសាងផ្លូវតាមព្រំដែនជាប់ នឹងថៃចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ បានប្រវែង ៤៥៥.៥គីឡូម៉ែត្រ លើផែនការសរុប ៥០៩គីឡូម៉ែត្រ និងការកសាងផ្លូវតាមខ្សែព្រំដែនកម្ពុជាជាប់ នឹងប្រទេសឡាវរវាងពីឆ្នាំ២០១៥ ដល់២០២២ បានប្រវែង១៧៩.២ គីឡូម៉ែត្រ លើផែនការសារុប៣៧៧គីឡូម៉ែត្រ។
រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ជំហានមួយលើការបោះបង្គោលខណ្ឌសីមា និងការស្ថាបនាដែនគមនាគមន៍តាមតំបន់ព្រំដែនកម្ពុជា ជាប់ប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល១០ឆ្នាំ គឺឆ្នាំ២០២៤-២០៣៤ នៅលើដី ដែលបានឯកភាពគ្នារួចមកហើយ៕