(ស្ទឹងត្រែង)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញជំហរគាំទ្រឲ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តសកម្មភាពអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វ ស្លាបដ៏កម្រ និងមានតួនាទីយ៉ាងសំខាន់ ក្នុងរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់។ លោក សាយ សំអាល់ ក៏បានស្នើឲ្យមន្ទីរបរិស្ថាន បន្តសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំនិងប្រែក្លាយតំបននេះ ឲ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ និងជីវ:ចម្រុះ។
លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ខណៈលោកបានដឹកនាំគណ:ប្រតិភូ ក្រសួងបរិស្ថាន ចុះពិនិត្យគោលដៅអភិរក្សសត្វត្មាត ដែលស្ថិតនៅភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
លោក សាយ សំអាល់ បន្តថា ការចុះពិនិត្យគោលដៅអភិរក្សសត្វត្មាតនាពេលនេះ គឺដើម្បីស្វែងយល់ អំពីស្ថានភាពការងារអភិរក្ស សត្វស្លាប ក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង។លោក រដ្ឋមន្រ្តីបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការជីវិតសត្វស្លាបអន្តរជាតិ ដែលបានរួមសហការ ជាមួយក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សជីវៈចម្រុះជារួម៕