(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Emmanuel DOLLFUS នាយកស្ដីទីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នានាលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ជំនួបនេះបានធ្វើនៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ជាពិសេសសាធារណរដ្ឋបារាំងដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជាគ្រប់កាលៈទេសៈ និយាយដោយឡែកការចូលរួមចំណែកយ៉ាងធំធេងលើវិស័យធនធានទឹក និងឧតុនិយម។
លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានបញ្ជាក់ប្រាប់ប្រតិភូបារាំងថា៖ «កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១(WAT4CAM-1) ដែលបាននិងកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការធានានូវសុវត្ថិភាពទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាកម្លាំងចលករជួយជំរុញដល់កំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជំរុញដល់ក្រុមការងារទាំងអស់សហការពន្លឿនការងារគម្រោង WAT4CAM ជំហានទី១ ដែលកំពុងអនុវត្ត និងបានសូមឱ្យភាគីបារាំងផ្តល់ជំនួយឥតសំណងសម្រាប់ការសិក្សាគម្រោង WAT4CAM ជំហានទី២ បន្តទៀត។ ជាពិសេសស្នើដល់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ជួយសហការពន្លឿនការងារគម្រោងអភិវឌ្ឍន៍ស្ទឹងស្វាយចេក ដើម្បីឱ្យភាគីទាំងពីរអាចចុះហត្ថលេខាលើឯកសារហិរញ្ញប្បទានក្នុងខែតុលា ឆ្នាំ២០២៤ និងអនុវត្ដភ្លាមៗ ដោយយកគំរូអនុវត្តស្ទឹងស្វាយចេកតាមបែបដំណោះស្រាយធម្មជាតិ (Natural Base Solution)។
តំណាងគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) លោក Emmanuel DOLLFUS បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសការចុះពិនិត្យដោយផ្ទាល់ពីវឌ្ឍនភាពគម្រោងក្រោមកម្មវិធី WAT4CAM ជំហានទី១ ក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ និងបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារអនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេសដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូបារាំងបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) រៀបចំនីតិវិធីលក្ខខណ្ឌយោង និងសេចក្ដីព្រាងកិច្ចព្រមព្រៀង គម្រោងស្ដារឡើវិញ និងគ្រប់គ្រងស្ទឹងស្វាយចេកប្រកបដោយប្រសិទ្ធភាព ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលនឹងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយភាគីសាធារណរដ្ឋបារាំងតំណាងដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)នៅខែតុលា ឆ្នាំ២០២៤ ខាងមុខ៕