(បាត់ដំបង)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធទីលានបាល់បោះរទេះជនពិការ នៃសហព័ន្ធកីឡាបាល់បោះរទេះកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា។ពិធីខាងលើនេះបានប្រព្រឹត្ដទៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក អ៊ឺអិណុ អាត់ស៊ូស៊ី UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង, អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងលោក ម៉ាក ស្លុត MARC ZLOT ប្រធានកម្មវិធីស្តារនីតិសម្បទា របស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ព្រមទាំងអញ្ជើញ/និមន្តចូលរួមពី ព្រះសង្ឃ ថ្នាក់ដឹកនាំ តំណាងស្ថាប័នជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល គណៈប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋ និងបងប្អូនអត្តពលិក សរុបចំនួនប្រមាណ ១៤០នាក់។
ទីលានបាល់បោះរទេះជនពិការនេះ ទទួលបានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៧៦,៣៣៣ដុល្លារអាមេរិក តាមសំណើរបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ មុនពេលដំបូលនេះត្រូវបានសាងសង់ ការហាត់សមមិនអាចធ្វើទៅបានទេក្រោមពន្លឺថ្ងៃខ្លាំង នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ឬពេលងងឹត ដូច្នេះអត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចណាស់ក្នុងការហាត់សម។
ទោះជាយ៉ាងណាក៏ដោយ ទីលានបាល់បោះត្រូវបានបញ្ចប់ការសាងសង់ដំបូលថ្មីហើយ ដូច្នេះក្រុមបាល់បោះរទេះជនពិការរបស់កម្ពុជា នឹងអាចហាត់សមបាល់បោះបានញឹកញាប់ និងក្នុងបរិយាកាសល្អប្រសើរជាងមុន ដែលពួកគេអាចទទួលបានលទ្ធផលកាន់តែល្អក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ ទីលាននេះ មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការតាមរយៈកីឡា និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា ក្នុងដំណើរឈានឆ្ពោះសង្គមជាតិមួយមានសុខសន្តិភាព, ប្រកបដោយបរិយាប័ន្ន ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ មេត្តា ករុណា មុទិតា។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានដឹកនាំប្រកបដោយការលះបង់ដ៏ខ្ជាប់ខ្ជួន មានស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត អភិវឌ្ឍកីឡាបាល់បោះរទេះជនពិការកម្ពុជា លើកទឹកចិត្តឱ្យអត្តពលិករបស់យើងសម្រេចបាននូវសមិទ្ធផល និងស្នាដៃយ៉ាងធំធេងក្នុងការចូលរួមក្នុងកម្មវិធីប្រកួតជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ, ជាពិសេសក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គួរជាទីមោទនៈសម្រាប់កម្ពុជា។
ជាមួយគ្នានេះ លោកស្រីក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមទាំងអស់ គឺជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងរួម និងការគាំទ្រដ៏មានសារៈសំខាន់ ក៏ដូចជាបង្ហាញឱ្យឃើញពីកម្លាំងជំរុញដ៏សំខាន់ក្នុងការប្ដេជ្ញាចិត្តលើកកម្ពស់ជនមានពិការភាព មិនត្រឹមតែគ្រាន់តែជាការកសាងនូវទីលានសម្រាប់បាល់បោះរទេះជនពិការ សម្រាប់ធ្វើការហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នានៃសមភាព ឱកាស និងក្តីសង្ឃឹម។
លោកស្រីបានគូសបញ្ជាក់ថា «អ្នកមានពិការភាព គឺជាក្រុមគោលដៅអាទិភាពមួយក្នុងការទទួលបាននូវសេវានានា ការដោះស្រាយជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ពីកាកបាទក្រហមកម្ពុជា»។ ក្នុងនោះមានដូចជា សមាគមតន្ត្រីសំនៀងជនពិការ, សមាគមវិទ្យុ/ទូរទស្សន៍អ្នកពិការភាពភ្នែក, កុមារខ្សោយសតិបញ្ញា, បុរីទារក, ជាពិសេស អ្នករងគ្រោះដោយសារមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងកិច្ចសហការជាយូរអង្វែង និងការជួយឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ពីសមាគមជាតិជាដៃគូមួយចំនួន ដែលបាននិងកំពុងជួយអ្នករងគ្រោះដោយសារមីន និងអ្នករស់នៅក្នុងតំបន់ ប្រឈមនឹងគ្រាប់មីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៨ពាន់គ្រួសារ ឱ្យមានជីវភាពបានល្អប្រសើរឡើង តាមរយៈប្រាក់កម្ចីពុំមានការប្រាក់របស់កាកបាទក្រហមកម្ពុជា៕