(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចេញបានធ្វើសកម្មភាពត្រួសត្រាយមែកឈើ នៅលើខ្នងទំនប់ខាងជើងនៃបារាយណ៍ទឹកថ្លា ដើម្បីលើកកម្ពស់សោភ័ណភាពតាមផ្លូវ និងបញ្ជៀសគ្រោះថ្នាក់លើភ្ញៀវទេសចរ ដែលទៅទស្សនាទីនោះ។
លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានលើកឡើងថា មុននឹងកាប់ដើមឈើ និងកាត់ក្រីមែកឈើនៅកន្លែងណាមួយ ក្នុងឧទ្យានអង្គរ ក្រុមអង្កេតហានិភ័យដើមឈើ តែងតែចុះទៅត្រួតពិនិត្យមើល និងធ្វើការកំណត់យ៉ាងច្បាស់ថា ដើមឈើណាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រាង្គប្រាសាទ វត្តអារាម សាលារៀន ផ្ទះប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទូទៅ។ លុះកំណត់រួចហើយ ទើបក្រុមការងារសម្រេចកាប់កាត់ និងត្រួសត្រាយមែកទាំងនោះចេញ។
លោកបញ្ជាក់ថា រាល់ការធ្វើសកម្មភាពទាំងនេះ នាយកដ្ឋានបានសិក្សាយ៉ាងល្អិតល្អន់ ទៅលើហានិភ័យ និងចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជន និងភ្ញៀវទេសចរឲ្យបានដឹងមុនជានិច្ច ដើម្បីជៀសវាងការភ័ន្តច្រឡំផ្សេងៗ។ ម្យ៉ាងវិញទៀត ដើមឈើដែលក្រុមការងារកាប់ កាត់មែកចេញនោះ លុះត្រាតែដើមឈើនោះងាប់ ពុកគល់ ពុកមែក។ រីឯដើមឈើរស់វិញ លុះត្រាតែប្រហោងគល់ ប្រហោងក្នុងខ្លាំង មែកងាប់ និងទ្រេតទៅលើប្រាង្គប្រាសាទ ផ្លូវ ឬធ្លាក់បាំងផ្លូវខ្លាំង ដែលអាចនឹងបង្កហានិភ័យខ្ពស់ ទើបសម្រេចចិត្តកាប់ ឬកាត់ក្រីមែកចេញ។
លោកបន្តថា ដើមឈើ និងមែកឈើដែលបានមកពីការកាប់ កាត់ និងលះត្រួសត្រាយទាំងអស់នោះ ត្រូវក្រុមការងារបានអារកាត់ និងច្រៀកធ្វើជាក្តារ ឬជាកំណាត់ៗទៅតាមតម្រូវការ។ ក្តារទាំងនោះ ត្រូវយកទៅរក្សាទុកក្នុងរោងឈើប្រាសាទ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀត ដូចជាធ្វើជារន្ទា សម្រាប់កាត់ក្រីមែកឈើសម្អាតស្មៅ និងកូនឈើតាមប្រាង្គប្រាសាទ ធ្វើក្តារសម្រាប់ក្រាលស្ពាន ធ្វើធ្នើរសម្រាប់ជួសជុលប្រាសាទ ឬធ្វើស៊ុមការពារកូនឈើ។
លោកបន្ថែមថា «ចំពោះមែកឈើ និងចម្រៀកឈើដែលប្រើការមិនកើត ក្រុមការងារកាត់ជាកង់ៗ ហើយដឹកជញ្ជូនទៅប្រគេនព្រះសង្ឃតាមវត្តនានា ក្នុងតំបន់ឧទ្យានអង្គរ សម្រាប់ដុតធ្វើចង្ហាន់ និងដាំទឹកជាប្រយោជន៍បន្តទៀត»៕