(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថាការ ធ្វើបរិយាបនជនពិការ ទៅក្នុងគោលនយោបាយសាធារណៈ នឹងធ្វើឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល ហើយវិស័យពិការភាពមាន ការរីកចម្រើនគួរឲ្យគាត់សម្គាល់នៅក្នុងអាណត្តិទី៥នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដូច្នេះគ្រប់ក្រសួង ស្ថាប័ន មានការយកចិត្តទុកដាក់ និងបានគិតគូ អំពីសុខមាលភាពរបស់ជនពិការ ដោយមិនទុកជនពិការ ដាច់ដោយឡែកនោះទេ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំ ស្តីពីគម្រោងដាក់បញ្ជូលវិស័យសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានការចូលរួមពីលោកស្រី ស៊ួ វីស តំណាងអង្គការយូនីស្កូ និងតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងជនពិការសរុបប្រមាណជាង៤០រូប ក្រោមរៀបចំដោយ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាជំនួយឧប្ថមរបស់អង្គការយូនីស្កូ។
លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា ដោយបច្ចុប្បន្ន ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ ដូច្នេះទាមទារឲ្យមានការពិនិត្យឡើងវិញ លើគោលនយោបាយសាធារណៈនានា ដោយត្រូវគិតគូ និងដាក់បញ្ជូលការងារពិការភាព ដើម្បីឈានទៅសម្រេចឲ្យខាងតែបាននូវកាតព្វកិច្ច ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាសិទ្ធិជនពិការ និងទទួលបានជោគជ័យ ក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកម្ពស់សិទ្ធិជនពិការ។
ក្នុងនោះដែរ លោកស្រី ស៊ួ វីស តំណាងអង្គការយូនីស្កូ បានថ្លែងថា កិច្ចប្រជុំនេះ គឺមានគោលបំណងដើម្បីជួយពង្រឹងសមត្ថភាព មន្ត្រីក្រសួង ស្ថាប័ននានាពាក់ព័ន្ធជនពិការ ដើម្បីពិនិត្យឡើងវិញ នូវគោលនយោបាយនានារបស់ក្រសួងនីមួយៗ ដើម្បីពិនិត្យលទ្ធភាព កែសម្រួលឡើងវិញដើម្បីឲ្យមានការ គិតគូពីជនដែលមានពិការភាព។
លោកស្រី ស៊ួ វីស បញ្ជាក់ថា «បញ្ហាចំបង គឺយើងត្រូវមានទិន្ន័យជាក់លាក់អំពីជន ដែលមានពិការភាព និងត្រូវលើកទឹកចិត្ត ដល់ជនពិការ ឲ្យបានចូលរួមក្នុងពេលធ្វើសេចក្តីព្រាង គោលនយោបាយសាធារណៈនានា ដើម្បីប្រាកដថា ជនពិការត្រូវបាន ធ្វើបរិយាបនក្នុងគ្រប់វិស័យ»។ បន្ថែមពីនេះ លោកស្រី ក៏បានលើកឡើង អំពីប្រព័ន្ធអនុវត្តការងារ សម្រាប់វិស័យពិការភាព ក្នុងន័យជំរុញ ឲ្យជនពិការទទួលបាន ផលប្រយោជន៍ពីសង្គមទាំងមូល។
គួរបញ្ជាក់ផងដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យប្រើច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ អនុក្រឹត្យស្តីពីការកំណត់ អត្រា និងបែបបទជ្រើសរើសជនពិការចូលបម្រើការងារ អនុក្រឹត្យស្តីពីការផ្តល់របបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីជាការបង្ហាញការយកចិត្តទុកដាក់ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា គិតគូដល់សុខមាលភាព របស់ជនពិការគ្រប់រូប៕