(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៅក្នុងស្រុកបាទី ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ ឲ្យកាន់តែល្អប្រសើរថែមទៀត។
ថ្លែងនៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រិក្សាឃុំ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ បំពេញតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ស្រុកបាទី ខេត្តតាកែវ ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន។
លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់មន្រ្តីទាំងអស់ បន្តខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ច ទៅតាមតួនាទីរបស់ខ្លួន ដោយផ្ដោតទៅលើគោលដៅសំខាន់ គឺបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរជាពិសេសការបំរើសេវាឲ្យបានលឿនរហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក វ៉ី សំណាង ក៏បានប្រាប់ដល់មន្រ្តីរាជការទាំងអស់នៅក្នុងស្រុកបាទី ត្រូវមានស្មារតីខ្ពស់ និងមានជំនឿទុកចឹត្តលើការដឹកនាំដ៍ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមអគតិមួយចំនួននៅក្រៅប្រទេស បានធ្វើការបំផុលបំផុល ឲ្យប្រជាពលរដ្ឋក្នុងស្រុក ក្រោកឈរធ្វើបាតុកម្ម ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ក៏ប៉ុន្តែអំពើញុះញង់របស់ក្រុមអគតិនេះ មិនទទួលបានជោគជ័យនោះទេ ព្រោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ឈរ នៅជាមួយរាជរដ្ឋាភិបាល និងនាំគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕