(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្រោមអធិបតីភាពលោក សុខ លក្ខិណា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ព្រមទាំងសិក្ខាកាមមកពីតាមបណ្តានាយកដ្ឋានចំណុះទាំង៨របស់អាជ្ញាធរជាតិអប្សរាដ៏ច្រើនកុះករ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលសន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា។

អង្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បញ្ជ្រាបការយល់ដឹងពីសកម្មភាពគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាននីមួយៗ ព្រមទាំងលទ្ធភាពក្នុងការចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។ ដោយផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា អង្គរ និងបរិស្ថាន និងភារកិច្ចនៃភ្នាក់ងារសណ្តាប់ធ្នាប់ប្រាសាទដែលកំពុងអនុវត្តកិច្ចការសាងសង់ និងជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរជាដើម។

លោក សុខ លក្ខិណា បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានបែបស្តង់ដាអន្តរជាតិ ISO14001 ដែលអាជ្ញាធរជាតិអប្សរា យកមកអនុវត្តតាំងពីឆ្នាំ២០០៣នេះ មានសារសំខាន់ណាស់សម្រាប់កិច្ចការអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន-អង្គរ។ មិនចំពោះតែផ្ទៃក្នុងអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ យើងក៏នៅបានផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋ បណ្តាស្ថាប័ន និងអង្គភាពជុំវិញខេត្តផង៕