(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាសាជាតិរស់រវើកទៅបាន ត្រូវការប្រជាជាតិរស់រវើក មិនមែនស្ពឹកស្រពន់ ស្ដីបន្ទោសនោះទេ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងសិក្ខាសាលាស្ដីពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពី លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិត នន់ ដារ៉ា សាស្ត្រាចារ្យរងផ្នែកភាសានិងភាសាវិទ្យាខ្មែរ លោកបណ្ឌិត ជុំ ស៊ីនណាង ប្រធាននាយកដ្ឋានស្តីទីភាសានិង ភាសាវិទ្យានៃវិទ្យាស្ថានភាសាជាតិ មន្ដ្រីរាជការ សិស្ស និស្សិត ជាច្រើនរូប។

នាឱកាសនោះដែរ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ភាសាវិទ្យា គឺជាវិទ្យាសាស្ដ្រដែលសិក្សាអំពីភាសារចនាសម្ព័ន្ធន័យនិងការប្រើប្រាស់រួមផ្សំទាំងទ្រឹស្ដី និងអនុវត្ដ ភាសាវិទ្យា អាចជួយឱ្យសម្ព័ន្ធសិប្បនិមិត្ដអាចយល់បង្កើតអាចធ្វើអន្ដរទំនាក់ទំនងជាមួយភាសាធម្មជាតិ ជាការពិតណាស់ ទំនាក់ទំនងនិងបញ្ញាសិប្បនិមិត្ដ តាមរយៈដំណើរការភាសាធម្មជាតិ ភាសាកុំព្យូទ័រ ចំណេះដឹងភាសា ការរៀនអំពីម៉ាស៊ីន និងទទួលទិន្នន័យ ការទទួលស្គាល់សម្ដី ជំនួយការខាងផ្នែកសិប្បនិមិត្ដ និងម៉ាស៊ីនបកប្រែជាដើម។

លោកបណ្ឌិត យង់ ពៅ បានបន្ដថា យន្ដការ នៃការរៀបចំភាសាខ្មែរ ឱ្យសមស្របតាមទ្រឹស្ដីភាសាវិទ្យា និងការអនុវត្ដជាក់ស្ដែង គឺជាកត្ដាចាំបាច់ ដើម្បីរៀបចំភាសាខ្មែរឱ្យតាមទ្រឹស្ដី ឌីជីថល ដែលនិងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងរៀបចំភាសាខ្មែរតាមស្ដង់ដារទំនើបផងដែរ។
ម្យ៉ាងវិញទៀត ការរៀបចំភាសាខ្មែរ ឱ្យមានទំនើបកម្មជាកត្ដាចាំបាច់ ប៉ុន្ដែត្រូវផ្សារភ្ជាប់និងក្រមសិលធម៍ មនុស្សជាតិ និងក្រមសិលធម៍អ្នកស្រាវជ្រាវ។

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ ក៏សំណូមពរដល់អ្នកស្នេហាជាតិ អ្នកស្រលាញ់វប្បធម៍ អ្នកស្រលាញ់អក្សរសាស្ដ្រជាតិទាំងឡាយ បានងាកមកចូលរួមតាមលទ្ធភាព ជៀសវាងការស្រលាញ់ ឬអភិរក្ស ដុតរោលតាមគ្នា ប៉ុន្ដែមិនបានចូលរួមសូម្បីតែរៀន ឬបង្រៀន តែងនិពន្ធផ្សព្វផ្សាយ សូមចាំថា ភាសាជាតិរស់រវើកបានត្រូវការប្រជាជាតិរស់រវើក មិនមែនស្ពឹកស្រពន់ ស្ដីបន្ទោសនោះទេ៕