(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យលោក អាសាដ យ៉ាកុប (Asad Yaqub), តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំកម្ពុជា (IFC) ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ របស់ខ្លួននៅកម្ពុជា។
ជំនួបនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក អាសាដ យ៉ាកុប ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ៥ ឆ្នាំកន្លងមក និងបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា, ពិសេសការរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាក នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច, ចាប់តាំងពីឆ្នាំ២០០០មក ក្នុងវិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិពាណិជ្ជកម្ម និងវិស័យអប់រំ ដែលជាលទ្ធផល បានជួយបង្កើតឱកាសការងារថ្មី, បង្កើនប្រាក់ចំណូល និង កាត់បន្ថយភាពក្រីក្រនៅកម្ពុជា គួរឲ្យកត់សម្គាល់។
ឆ្លៀតក្នុងឱកាសនេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យ IFC ពិនិត្យ និងជួយគាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors) ដូចជា៖ វិស័យឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម ផងដែរ។
លោក អាសាដ យ៉ាកុប បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាង IFC និងរាជរដ្ឋាភិបាល ក៏ដូចជា៖ វិស័យឯកជននានា នាពេលកន្លងទៅ ដែលបានធ្វើឲ្យអាណត្តិកិច្ចរបស់លោក បញ្ចប់ដោយជោគជ័យ ប្រកបដោយផ្លែផ្កាជាច្រើន។ លោក អាសាដ យ៉ាកុប កោតសរសើរចំពោះទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និង IFC ក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ជាពិសេស លើវិស័យហិរញ្ញវត្ថុ។
ជារួម, IFC បានជួយបង្កើនប្រភពហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់ ៩៩% ក្នុងចំណោមវិស័យឯកជនសរុបទូទាំងប្រទេស និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានច្បាប់ National Payment System និងការរៀបចំច្បាប់ និងបទប្បញ្ញត្តិ ក្នុងការចែករំលែកព័ត៌មានឥណទាន(Credit-Information Sharing) ដូចជា ការបង្កើតឲ្យមាន Private Credit Bureau ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន។
បន្ថែមលើនេះ, ក្រោមក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), IFC ក៏បានពង្រឹងសមត្ថភាពមន្រ្តី (Capacity Building) តាមរយៈការចូលរួមទស្សនកិច្ចសិក្សា, សិក្សាវគ្គបណ្តុះ បណ្តាលនានា និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
ជាថ្មីម្តងទៀត លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរលោក អាសាដយ៉ាកុប ទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត ក្នុងភារកិច្ចដ៏ ឧត្តុង្គឧត្តមរបស់លោកនាអនាគត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ IFC ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ឲ្យកាន់តែរឹងមាំបន្ថែមទៀត៕