(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្ដេជ្ញាកសាងផ្លូវថ្នល់បន្ថែមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីព្រោះផ្លូវទាំងនេះជាសរសៃឈាមនៃសេដ្ឋកិច្ចសម្រាប់អភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិឲ្យមានការរីកចម្រើន។
ការលើកឡើងនេះ ក្នុងពិធីសំណេះសំណាល និងបិទការដ្ឋានគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៤ គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង៧២៨ម៉ែត្រ ទទឹង៦ម៉ែត្រ និងលូទោលកាត់ ផ្លូវមុខកាត់០.៦០ម៉ែត្រ ស្ថិតនៅភូមិម្លាវ និងភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោក នួន ផារ័ត្ន បានចាត់ទុកសមិទ្ធផលនេះ គឺជាខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុង និងសង្កាត់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីផ្លូវមួយទៅផ្លូវមួយ ជាពិសេសបានសាងសង់នៅផ្លូវបេតុងនេះ ដើម្បីលើកកម្ពស់សោភ័ណភាពនៅក្នុងមូលដ្ឋាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលគ្រប់ប្រភេទក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋានប្រកបដោយចីរភាព និងកាន់តែរីកចម្រើនបន្ថែមទៀត។
អភិបាលខេត្តកំពង់ធំបានផ្ដល់នូវការដូទុកជាអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្រយ៉ូវ ឧបត្ថម្ភនៅអំពូលសូឡាសម្រាប់បំភ្លឺផ្លូវនៅលើផ្លូវបេតុងនេះ ដែលមានប្រវែង៧២៨ម៉ែត្រ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវបេតុងនេះឲ្យបានគង់វង់យូរអង្វែង ចូលរួមដាំដើមឈើអមសងខាងផ្លូវបេតុង ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ។
លោក ពេញ កែម អភិបាលក្រុងសឹងសែន បានបញ្ជាក់ថា ការអនុវត្តគម្រោងមូលនិធិសង្កាត់ក្នុងឆ្នាំ២០២៤ គម្រោងអាទិភាពរបស់សង្កាត់ទាំងប្រាំបី ក្នុងក្រុងស្ទឹងសែន បានធ្វើការសាងសង់ផ្លូវបេតុងអាមេចំនួន៧ខ្សែ មានប្រវែង២,៦៩៨ម៉ែត្រ ផ្លូវក្រាលក្រួសក្រហម៧ខ្សែ ប្រវែង៩,០១៨ម៉ែត្រ និងលូដោះទឹកភ្លៀង៣ខ្សែ ប្រវែង១,២៩០ម៉ែត្រ។ ដោយឡែក គម្រោងមូលនិធិសង្កាត់ស្រយ៉ូវ ឆ្នាំ២០២៤ នេះបានសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង៧២៨ម៉ែត្រ នៅភូមិម្នាវ និងភូមិពុកយុក ដែលចាប់ផ្តើមធ្វើការសាងសង់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ហើយបានសាងសង់រួចរាល់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤៕