(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកំពុងរៀបចំផែនទីបង្ហាញផ្លូវផែនទីបង្ហាញផ្លូវបឋម ស្ដីពីការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ហើយជ្រុង១ក្នុងផែនទីបង្ហាញផ្លូវនេះ គឺផ្ដោតទៅលើការដាក់ពង្រាយស្ថានីយសាកអាគុយឱ្យបានច្រើន មានភ្លើងសាកគ្រប់គ្រាន់ ថ្លៃប្រើប្រាស់នឹងថោកជាងបច្ចុប្បន្ន ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី និងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យកាន់តែច្រើន។
ពាក់ព័ន្ធនឹងកិច្ចការខាងលើនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវផែនទីបង្ហាញផ្លូវបឋម ស្ដីពីការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានភ្លើងអគ្គិសនីប្រើប្រាសនៅទូទាំងប្រទេសហើយ ដែលភ្លើងអគ្គិសនីទាំងនោះគឺផលិតចេញពីប្រភពថាមពលស្អាត ថាមពលបៃតង ថាមពលដែលកកើតឡើងវិញ ថាមពលពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀតដែលមានលក្ខណៈគិតគូរដល់បរិស្ថាន។ ជំហានបន្តនេះ គឺរាជរដ្ឋាភិបាលចង់ឱ្យវិស័យអគ្គិសនីអាចផ្ដល់ជាប្រយោជន៍ដល់វិស័យផ្សេងៗទៀត មិនត្រឹមតែក្នុងវិស័យឧស្សាហកម្មទេ នៅមានវិស័យកសិកម្ម វិស័យដឹកជញ្ជូនជាដើម។ ការដឹកជញ្ជូនបច្ចុប្បន្ន គឺប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលប្រេងឥន្ទនៈ ហ្កាសជាដើម ដែលការប្រើប្រាស់ថាមពលទាំងនេះប៉ះពាល់ដល់បរិស្ថានច្រើនជាងការប្រើប្រាស់អគ្គិសនី។
លោករដ្ឋមន្ត្រីបន្តថា គោលបំណងដែលរាជរដ្ឋាភិបាលជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើន គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន អាទិភាពចម្បង ហើយក៏កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ផងដែរ ពីព្រោះការប្រើប្រាស់រថយន្តអគ្គិសនីចំណាយថោកជាងការប្រើប្រាស់រថយន្តដែលប្រើប្រេងឥន្ទនៈ។
លោកថ្លែងយ៉ាងដូច្នេះថា «ចង់ឱ្យការប្រើប្រាស់រថយន្តអគ្គិសនីមានការប្រើប្រាស់ឱ្យបានច្រើនទូលាយ មានតម្លៃថោកជាងបច្ចុប្បន្ន និងងាយស្រួលជាងបច្ចុប្បន្ន»។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្តទៀតថា ក្នុងក្របខណ្ឌផែនទីបង្ហាញផ្លូវបឋមស្ដីពីការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃនេះ គឺយកតែ១ជ្រុងនៃផែនទីបង្ហាញផ្លូវនេះសិនប៉ុណ្ណោះ ដែលផ្ដោតទៅលើការរៀបចំបណ្ដាញអគ្គិសនីឱ្យបានរួចជាស្រេច ការកំណត់ថ្លៃប្រើប្រាស់សេវាកម្មឱ្យហើយ និងការដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុក ក៏ដូចជានៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី អាចរកកន្លែងសាកអាគុយរថយន្តដោយងាយស្រួល។ ដូច្នេះការប្រជុំពិភាក្សាគ្នាពីភាគីពាក់ព័ន្ធនៅថ្ងៃនេះ គឺដើម្បីប្រមូលយកធាតុចូលពីដៃគូអភិវឌ្ឍ ពីអ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារៈទៅកាន់អ្នកប្រើប្រាស់ ពីក្រសួងស្ថាប័នពាក់ព័ន្ធ។ វត្តមានដៃគូអភិវឌ្ឍក៏សំខាន់ដែរក្នុងកិច្ចប្រជុំថ្ងៃនេះ ដោយសារដៃគូអភិវឌ្ឍមួយចំនួន ដូចជា EU UNDP ធនាគារអភិវឌ្ឍអាស៉ី ធនាគារពិភពលោក ក៏កំពុងតែជួយអគ្គិសនីកម្ពុជា ដែលត្រូវមានតួនាទីសំខាន់ក្នុងការភ្ជាប់បណ្ដាញអគ្គិសនីទៅដល់ទីតាំងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលត្រូវបានដាក់ពង្រាយទាំងអស់នោះ។
បើតាមលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បច្ចុប្បន្ន ការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសកម្ពុជា គឺមានរហូតដល់រាប់ពាន់គ្រឿងទៅហើយ ក៏ប៉ុន្តែអ្នកប្រើប្រាស់ត្រូវសាកអាគុយនៅផ្ទះខ្លួនឯង ថ្លៃសាកក៏រាងខ្ពស់បន្តិច ហើយពិបាកជាងគេគឺនៅពេលចេញទៅកន្លែងឆ្ងាយៗ ពិបាកក្នុងការរកកន្លែងសាក ឬគ្មានកន្លែងសាកអាគុយតែម្ដង។
ក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវការកំណត់ថ្លៃសេវាកម្មសាកអាគុយ នៅតាមស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យធូរថ្លៃជាពេលបច្ចុប្បន្ន ហើយក៏ពង្រឹងលើបញ្ហាសុវត្ថិភាព ទាំងការប្រើប្រាស់ឧបករណ៍ ការប្រើប្រាស់ App ដើម្បីភ្ជាប់ជាមួយឧបករណ៍ ហើយ App នោះមិនឱ្យមានច្រើនទេ គឺមានតែមួយ ដើម្បីឱ្យអ្នកប្រើប្រាស់ និងអ្នកលក់រថយន្តផ្សេងៗគ្នា គឺត្រូវតែប្រើប្រាស់ App តែមួយ ដើម្បីងាយស្រួលទាំងអស់គ្នា។ លើសពីនេះ គឺបង្កើតនូវក្របខណ្ឌគោលនយោបាយមួយ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកអាចចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីបាន។
សូមជម្រាបថា បច្ចុប្បន្ន មានការបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីខ្លះៗ ប៉ុន្តែមិនសូវច្រើនប៉ុន្មានទេ ក្រៅពីរាជធានីភ្នំពេញ មាននៅខេត្តសៀមរាប ខេត្តបាត់ដំបងជាដើម ហើយការប្រើប្រាស់ទាំងនោះមានតម្លៃខ្ពស់ ដូច្នេះជាគោលដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺចង់ឱ្យស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមាននៅគ្រប់ទីក្រុង ទីជនបទ ដើម្បីសម្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនីមិនពិបាកដូចមុន៕